គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន ទទួលបានពានរង្វាន់សន្តិភាពស៊ុនហាប់ឆ្នាំ២០២២ ពីមូលនិធិស៊ុនហាប់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី៣០ ខែមករា ឆ្នាំ២០២២​ |
    សម្តេចតេជោ ហ៊ុន សែន ទទួលបានពានរង្វាន់សន្តិភាពស៊ុនហាប់ឆ្នាំ២០២២ ពីមូលនិធិស៊ុនហាប់ សម្តេចតេជោ ហ៊ុន សែន ទទួលបានពានរង្វាន់សន្តិភាពស៊ុនហាប់ឆ្នាំ២០២២ ពីមូលនិធិស៊ុនហាប់

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​ត្រូវបានជ្រើសរើសជា​ជ័យលាភី សម្រាប់ទទួល​ពានរង្វាន់​សន្តិភាព​ស៊ុនហាក់ ​ឆ្នាំ២០២២ ដែលនឹងត្រូវប្រគល់នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។

    យោងតាមលិខិតរបស់បណ្ឌិត Thomas G. Walsh ប្រធានមូលនិធិសន្តិភាពស៊ុនហាប់ ដែលបានចេញ​កាល​ពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ បានបញ្ជាក់ឲ្យដឹងថា សម្តេចតេជោ ត្រូវបានជ្រើសរើសសម្រាប់ទទួលពានរង្វាន់នេះ ដោយសារតែការដឹកនាំដ៏ខ្ជាប់ខ្លួន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយការដឹកនាំរបស់សម្តេចពិត ជាបានរួមចំណែកដល់ការកសាងស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

    ក្នុងលិខិត បានលើកឡើងទៀតថា គណៈកម្មាធិការ បានទទួល​ស្គាល់​លើ​កិច្ចខិតខំ​ប្រឹងប្រែង​​របស់សម្តេចតេជោ ក្នុងការលើក​កម្ពស់​សន្តិភាព​នៅ​ក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិក​ដ៏ទូលំទូលាយ រួមទាំងការអំពាវនាវឲ្យបង្កើតសហភាពអាស៊ីប៉ាស៊ីហ្វិកផងដែរ។ ហេតុដូច្នេះហើយ​ មូលនិធិពានរង្វាន់សន្តិភាព​ស៊ុនហាក់​សូមផ្ដល់​ដោយក្តី​គោរព​ដ៏ខ្ពង់ខ្ពស់ជូន សម្តេចតេជោ នូវពានរង្វាន់ស្ថាបនិកសន្តិភាព​ស៊ុនហាក់ ​ជាសក្ខីភាព នៃ​ការទទួល​ស្គាល់លើការរួមចំណែករបស់ ​សម្តេចតេជោ ក្នុងការ​កសាង​សន្តិភាព ​និង​ការ​អភិវឌ្ឍ​មនុស្សជាតិ។

    ពានរង្វាន់នេះ ត្រូវបានបង្កើតឡើងដើម្បីទទួលស្គាល់ឥស្សរជន និងស្ថាប័ននានា ដែល​បាន​​បម្រើ​​មនុស្ស​ជាតិដែលអាចជាគំរូមួយ ធ្វើឱ្យពិភពលោក​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​​សម្រាប់​មនុស្ស​ជំនាន់ក្រោយ។ ពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាពានរង្វាន់​សន្តិភាព​អន្តរជាតិ ​ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដើម្បីរំលឹកដល់ទស្សនវិស័យសន្តិភាព​របស់​ស្ថាបនិក គឺលោក ស៊ុន យ៉ុនមូន និងលោកស្រីបណ្ឌិត ហាក់ ចា ហាន់ មូន៕

    អត្ថបទទាក់ទង