គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង ប្រទេសចិន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២​ |
    ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង ប្រទេសចិន ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង ប្រទេសចិន

    ភ្នំពេញ៖ នាវេលាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេស្តេចសព្វព្រះរាជហឫទ័យ យាងព្រះរាជដំណើរតាមព្រះរាជទីនាំងយន្តហោះពិសេស ទៅកាន់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីគង់ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាព។

    យាងនិងអញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះអង្គទាំងទ្វេ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឥស្សរជនសំខាន់ៗនៃស្ថាប័នជាតិ ព្រះរាជវង្សានុវង្ស និងមន្ត្រីអ្នកមុខអ្នកការជាច្រើន រូប។ ដោយឡែក ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងមន្ត្រីស្ថានទូតក៏មានវត្តមាន ក្នុងឱកាសនោះដែរ។

    គួរបញ្ជាក់ដែរថា នេះគឺជាព្រះរាជដំណើរយាងជាទៀងទាត់រៀងរាល់៦ខែម្ដង របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ទៅកាន់រាជធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាព។

    សូមថ្វាយព្រះពរ ព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕

    អត្ថបទទាក់ទង