សម្ដេចពញាចក្រី ហេង សំរិន៖ អបអរសាទរខួប៧១ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨មិថុនានេះ នៅវិមាន៧មករា គណបក្សប្រជាជនកម្ពុជា បានរៀបចំអង្គមិទ្ទិញអបអរសាទរខួប៧១ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសបក្ស, អនុប្រធានបក្សទាំង៤រូប សម្តេចវិបុលសេនាភក្តី សាយ ឈុំ ,សម្តេចក្រឡាហោម ស ខេង, សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ជាច្រើនរូបទៀត។
តាមរយៈហ្វេសប៊ុកផ្លូវការសម្ដេចពញាចក្រី ហេង សំរិន បានលើកឡើងថា ថ្ងៃ២៨ មិថុនា ១៩៥១ ថ្ងៃ២៨ មិថុនា ២០២២ ជាខួប៧១ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា។ ឆ្នាំនេះយើងប្រារព្ធពិធីអបអរសាទរថ្ងៃកំណើតរបស់គណបក្ស យ៉ាងមហោឡារិក អធិកអធមជាទីបំផុត បន្ទាប់ពីខកខានរយៈពេល២ឆ្នាំ ដោយសារជំងឺកូវីដ១៩។ នៅក្នុងរយៈពេល ៧១ឆ្នាំមកនេះ យើងបានខិតខំ តស៊ូលះបង់ និងចូលរួមយ៉ាងសកម្មនៅក្នុងការបម្រើ ការពារ និងអភិវឌ្ឍប្រទេសជាតិ ដោយបានឆ្លងកាត់ឧបសគ្គរាប់ម៉ឺន រាប់សែនជំពូក តែយើងមិនបានបោះបង់ប្រជាពលរដ្ឋនៅក្នុងគ្រាលំបាកណាមួយឡើយ ដូចពាក្យស្លោករបស់យើងថា “គណបក្សប្រជាជនកម្ពុជា របស់ប្រជាជន ដោយសារ ប្រជាជន និងដើម្បីប្រជាជន”។
គណបក្សប្រជាជនកម្ពុជា បានដឹកនាំចលនាតស៊ូប្រឆាំងរបបអាណានិគមនិយម ដើម្បីឯករាជ្យជាតិ បន្ទាប់មកពីឆ្នាំ ១៩៥៣ ដល់ឆ្នាំ ១៩៧០ បានចូលរួមយ៉ាងសកម្មក្នុងការការពារឯករាជ្យ សន្តិភាព និងអធិបតេយ្យជាតិ ។ គណបក្សបានបន្តធ្វើការតស៊ូ ដើម្បីរំដោះជាតិពីការឈ្លានពានរបស់បរទេស ពីភ្លើងសង្គ្រាមឆ្នាំ១៩៧០-១៩៧៥ និងបានរំដោះប្រទេសជាតិចេញផុតពីរបបដ៏សាហាវយង់ឃ្នង ប្រល័យពួជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
ដូចយើងបានដឹងគ្រប់គ្នាហើយ បន្ទាប់ពីថ្ងៃជ័យជម្នះ ៧ មករា គណបក្សប្រជាជនកម្ពុជា បានដឹកនាំស្តារ និងកសាងប្រទេសជាតិឡើងវិញពីបាតដៃទទេ។ ដៃម្ខាងយើងអភិវឌ្ឍប្រទេសជាតិ ដៃម្ខាងយើងខិតខំទប់ស្កាត់ មិនឱ្យរបបប្រល័យពូជសាសន៍ វិលត្រឡប់មកជាថ្មី រួមនឹងការខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិ ធ្វើការបង្រួបបង្រួមជាតិដើម្បីបញ្ចប់សង្រ្គាមផ្ទៃក្នុងបានទាំងស្រុង ធ្វើឱ្យជាតិខ្មែរទាំងមូលរស់នៅក្រោមដំបូលបាវចនាតែមួយគឺ ជាតិ សាសនា និងព្រះមហាក្សត្រ។
គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិ សម្រេចបាន នូវសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ ប្រទេសជាតិ និងប្រជាជនទទួលបានសុខសន្តិភាពទំាងផ្លូវកាយនិងផ្លូវចិត្ត។ អង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នាពេលនេះ បានប្រារព្ធធ្វើឡើងស្របពេលដែលយើងទើបទទួលបានជ័យជម្នះយ៉ាងធំធេងនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នាពេលកន្លងមកថ្មីនេះ ដែលជាលទ្ធផលពលរដ្ឋបានបោះឆ្នោតគំាទ្រ ផ្តល់ការទុកចិត្ត និងជឿជាក់លើគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិ ជាពិសេសការបន្តដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន ឃុំ/សង្កាត់ បន្តទៅមុខទៀត។
ថ្នាក់ដឹកនាំគណបក្សនៅគ្រប់ថ្នាក់ សមាជិកសមាជិកាគ្រប់រូប បានប្តេជ្ញាចិត្តបន្តលើកកម្ពស់ប្រពៃណីស្នេហាជាតិ ស្រឡាញ់ប្រជាជន ខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តចូលរួមសកម្មក្នុងការកសាងគណបក្សឱ្យកាន់តែរឹងមាំលើគ្រប់វិស័យ សំដៅលើកកម្ពស់សមត្ថភាពដឹកនាំរបស់គណបក្សឱ្យសម្រេចបានសមិទ្ធផលធំៗ និងថ្មីៗថែមទៀត នៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី៧ នាឆ្នាំ២០២៣ ខាងមុខនេះ។
សុខសន្តិភាព និងស្ថិរភាព ជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ។
សូមបងប្អូនជនរួមជាតិ បន្តដំណើរជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីថែរក្សា ការពារសុខសន្តិភាព អធិបតេយ្យ ឯកភាពជាតិ ដែលយើងទទួលបាន ដោយលំបាក សំដៅរួមគ្នា កសាង អភិវឌ្ឍន៍ប្រទេសជាតិ ទៅមុខទៀត ដើម្បីតម្កល់ទុកជាកេរមរតកសម្រាប់កូនចៅយើងនៅគ្រប់ជំនាន់ក្រោយៗទៀតជារហូតទៅ៕