សម្ដេចតេជោ ហ៊ុន សែន អះអាងថា មិនមានដាក់ប្រទេសក្នុងគ្រាអាសន្ន ឬបិទរាជធានីភ្នំពេញ ដូចការឃោសនារបស់ជនអាក្រក់នោះឡើយ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងជាថ្មីថា មិនមានការស្នើសុំដាក់ប្រទេសក្នុងគ្រាមានអាសន្នទាំងមូល ឬមួយផ្នែកណា ហើយក៏នឹងមិនមានការចេញបទបញ្ជារឲ្យបិទរាជធានីភ្នំពេញ ដូចការឃោសនារបស់ជនអាក្រក់នោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះបន្ទាប់ពីមានការចែកចាយពាក្យចចាមអារ៉ាមថា មានការស្នើសុំដាក់ប្រទេសក្នុងគ្រាមានអាសន្ន និងការបិទរាជធានីភ្នំពេញជាដើម។ ។
សម្ដេចតេជោ បានបញ្ជាក់តាមរយៈ Facebook ថា «ពេញមួយថ្ងៃនេះ ការបំភ្លើសនានាបានកើតឡើងថានឹងមានការបិទប្រទេសឬបិទរាជធានីភ្នំពេញក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយបំផុសឱ្យមនុស្សទិញទំនិញត្រៀមទុក។ ចំពោះមុខពាក្យភូតកុហកបែបនេះ ក្នុងឋានៈខ្ញុំជាប្រមុខនៃរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនថានឹងមិនមានការស្នើសុំដាក់ ប្រទេសក្នុងគ្រាមានអាសន្នទាំងមូលឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជារឱ្យបិទរាជធានីភ្នំពេញដូចការឃោសនាភូតកុហក់របស់ជនអាក្រក់នោះដែរ។»
សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋស្ងប់ស្ងាត់កុំភ័យស្លន់ស្លោ និងសូមចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
សូមបញ្ជាក់ថា ពាក្យចចាមអារ៉ាមទាំងនេះ កើតមានឡើងបន្ទាប់ពីសម្តេចតេជោ ក្នុងសារសំឡេងនៅព្រឹកថ្ងៃអាទិត្យ ទី០៦ ខែធ្នូ ឆ្នាំ២០២០ បានបង្ហាញពីការត្រៀមបម្រុងទុកនូវលិខិតនានា ដើម្បីសុំព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ តែក្នុងសារសំឡេងនោះ សម្តេចតេជោបានបញ្ជាក់រួចហើយថា សម្តេចមិនចង់ឈានទៅចំណុចនេះឡើយ ព្រោះវាប៉ះពាល់ធំពេកដល់សេដ្ឋកិច្ច និងជីវភាពប្រជាជន ហើយសម្ដេចស្នើសុំឱ្យមានការចូលរួមពីប្រជាពលរដ្ឋ ដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ជំនួសវិញ៕