គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសបិទសន្និបាតជាតិខួប ៣០ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២​ |
    ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសបិទសន្និបាតជាតិខួប ៣០ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសបិទសន្និបាតជាតិខួប ៣០ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បិទ​សន្និបាត​ជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្រ។

    ពិធីបិទសន្និបាតមីនព្រឹកនេះ មានការអញ្ជើញចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា តំណាង​កម្ម​វិធី​អភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា, ឯកអគ្គរដ្ឋទូត ស្ថានទូត ប្រចាំកម្ពុជា, លោក​ឧកញ៉ា លោក លោកស្រី តំណាងវិស័យឯកជន ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ, ប្រតិបត្តិករ​សកម្មភាព​មីន តំណាងអង្គការសង្គមស៊ីវិល តំណាងអ្នកទទួលផល តំណាង​ជន​រង​គ្រោះ​ដោយសារ​មីន​ផងដែរ។

    គោលបំណង នៃខួប៣០ ឆ្នាំក៏ដូចជាពិធីបិទមហាសន្និបាតនេះ គឺដើម្បី​អបអរសាទរ​នូវ​សមិទ្ធផល​ជា​ប្រវតិ្តសាស្រ្ត នៃសកម្មភាពមីន រយៈពេល ៣០ឆ្នាំកន្លងមក ដែលកម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ ចំពោះ​ការ​ដោះស្រាយការគំរាមកំហែងពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

    ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖

    – សម្តេចតេជោ ហ៊ុន សែន កោតសរសើរដល់អាជ្ញាធមីន, ប្រតិបត្តិករដោះមីន, អង្គការ-សមាគម​ដៃគូ និងប្រទេសជាមិត្ត ដែលបានប្រឹងប្រែង​ធ្វើកិច្ចការ​ពាក់ព័ន្ធ​នឹង​សកម្មភាព​មីន​នៅ​កម្ពុជា ប្រកប​ដោយ​លទ្ធផលល្អប្រសើរ គួរជាទៅមោទនៈ។

    – សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មីនជាបញ្ហាមួយ ដែល​ត្រូវ​បាន​យក​ចិត្តទុក​ដាក់​នៅ​លើ​ពិភព​លោក ជាពិសេសប្រទេស ដែលធ្លាប់ញាំញីដោយសង្គ្រាម ហើយកម្ពុជា​ក៏​បាន​ដាក់​ចេញ​គោល​ដៅ​សំខាន់​ សម្រាប់សកម្មភាពមីននេះផងដែរ។

    – សម្តេចតេចជោ ហ៊ុន សែន ប្រកាសថា ជំនួបរវាងសម្តេច និង​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាតិ លោក Antionio Guterres នៅកម្ពុជា ក្នុងពេលប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធនានា មិនមានការពិភាក្សា ឬ​ដាក់​គំនាប​មក​កម្ពុជា​ពាក់ព័ន្ធ​បញ្ហា​នយោបាយ​ផ្ទៃ​ក្នុងកម្ពុជាឡើយ។

    – សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជា-អង្គការសហប្រជាជាតិ បានពិភាក្សាគ្នា និង​ផ្តល់​ធាតុ​ចូល ពាក់ព័ន្ធសកម្មភាពមីន, សាលាក្តីខ្មែរក្រហម និងបញ្ហាសកល ដែលពិភពលោក និង​តំបន់ កំពុងជួបប្រទះ។

    – សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម  គឺ​ជា​ការងារ​មួយ​យ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការជួយកាត់បន្ថយគ្រោះថ្នាក់ ដែលប្រែក្លាយ​ដី​រង​ផល​ប៉ះពាល់​ទាំងនោះឱ្យក្លាយជាដីសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។

    – សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្មវិធី​សកម្មភាព​មីន​មនុស្ស​ធម៌​នៅ​កម្ពុជា​ចាប់​ផ្តើម​ឡើង​នៅ​ឆ្នាំ​១៩៩២ ដើម្បីឆ្លើយតបបន្ទាន់នឹងការធ្វើមាតុភូមិនិវត្តន៍ របស់ជនភៀសខ្លួន។

    – សម្តេចតេជោ  ហ៊ុន សែន បន្តថា ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព នៅឆ្នាំ១៩៩៧ កម្ពុជា​បាន​ចុះហត្ថលេខា និងបានក្លាយជារដ្ឋភាគី នៃអនុសញ្ញាស្តីពីការហាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស (ឬហៅកាត់ថា អនុសញ្ញាអូតាវ៉ា) ក្នុងឆ្នាំ២០០០។

    – សម្ដេចតេជោ មានប្រសាសន៍ថា សន្តិភាព​បានរួម​ចំណែក​យ៉ាង​ខ្លាំង​ក្លា​ដល់​កិច្ច​ដំណើរ​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ ការគោរពសិទ្ធិ និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់មនុស្ស ដែលធ្វើឱ្យ​ប្រជាជន​កម្ពុជា​បាន​យល់​យ៉ាង​ច្បាស់​អំពី​គុណ​តម្លៃ​ នៃ​សុខ​សន្តិភាព និងប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ការពារ​មិន​ឲ្យ​បាត់​បង់​ទៅ​វិញ​ជា​ដាច់ខាត ទោះបី​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។

    – សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងនាមជារដ្ឋភាគី  កម្ពុជាមានមោទនភាពណាស់ ដោយ​បាន​ក្លាយជាសមាជិកដ៏សកម្ម និងហ្មត់ចត់ក្នុងកិច្ចការបោសសម្អាតមីន និងមាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ ចំពោះកាតព្វកិច្ចរបស់ខ្លួន។

    – សម្តេចតេជោ ហ៊ុន សែន បានសម្តែងដោយមោទនភាពថា ក្នុងឋានៈជាម្ចាស់ផ្ទះ កម្ពុជា​បាន​នាំ​ពិ​ភព​លោកឲ្យវិលត្រលប់មកកាន់ទីកំណើតដើម នៃចលនា​ហាម​ប្រាម​ការ​ប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស​នេះ ហើយបាននាំយកតថភាពពិត និងរូបភាពពិតរបស់អនុសញ្ញានេះ មកដាក់​បង្ហាញ​ចំពោះ​មុខ​កិច្ច ប្រជុំតែម្តង។

    – សម្តចេតេជោ ហ៊ុន សែន បន្តថា តាំងពីកម្ពុជាចាប់ផ្តើមស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ រាជ​រដ្ឋាភិបាល​បានកំណត់យកសកម្មភាពមីន ជាផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​គោល​នយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ និងផែនការយុទ្ធសាស្រ្តជាតិសំខាន់ៗ។ ដោយមើលឃើញពីសារសំខាន់នេះកម្ពុជា បាន​សម្រេច​ដាក់បញ្ចូលសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចូល​ជា​គោល​ដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។

    – សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ថ្ងៃអនាគត កម្ពុជាគឺជាប្រទេសដែលគ្មានមីន ហើយ​ការ​គំរាម​កំហែង​ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម ត្រូវបានកាត់បន្ថយឲ្យនៅកម្រិតអប្បបរមា និង​មាន​ការ​អភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធនធានមនុស្ស ប្រព្រឹត្តទៅដោយសុវត្ថិភាព។  ផែន​ការ​យុទ្ធសាស្រ្ត​នេះ ជាផែនទីតម្រង់ទិស ដោះស្រាយបញ្ហាមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម និង​ឆ្លើយ​តប​ទៅ​នឹងការគំរាមកំហែងដែលនៅសេសសល់ក្រោយឆ្នាំ ២០២៥។

    – សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ជាមួយនឹងចំណេះដឹង និងបទពិសោធន៍ ក្នុងរយៈពេល ៣​ទសវត្សរ៍ កម្ពុជាបានប្រែក្លាយពីប្រទេសដែលរងគ្រោះដោយសារគ្រាប់មីន ទៅជា​ប្រទេស​ដែល​ចែក​រំលែក​បទពិសោធន៍លើឆាកអន្តរជាតិ នៅតាមបណ្តា​ប្រទេស​ដែល​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលគណៈប្រតិភូមកពីបណ្តាប្រទេសជាច្រើន បាន​មក​ទស្សនា​ប្រទេសកម្ពុជា ដើម្បីរៀនសូត្រ និងទទួលបទពិសោធន៍។

    – សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការប្តេជ្ញាចិត្តរបស់កម្ពុជា បានធ្វើឱ្យមជ្ឈដ្ឋានជាតិ-អន្តរជាតិ​ស្ញប់ស្ញែងនូវបេសកកម្មរបស់កម្ពុជា ក្នុងការចូលរួម​ប្រកប​ដោយ​កិត្តិយស​ដ៏​ឧត្តុង្គ​ឧត្តម​បំផុត សម្រាប់មនុស្សជាតិលើពិភពលោកក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដែល​ទង់​ជាតិ​កម្ពុជា​បន្ត​បង្ហូត​ខ្ពស់ត្រដែត ស្មើមុខស្មើមាត់ ស្មើសិទ្ធិ ស្មើភាពជាមួយ​បណ្តា​ប្រទេស​បរិច្ចាគ​កង​កម្លាំង​ទាំងអស់។

    – សម្តេចតេជោ ហ៊ុន សែន បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃប្រាយុទ្ធ ច័ន្ទអូចា លើ​បញ្ហា​ដោះមីន​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ផ្តល់សុវត្ថិភាពដល់ប្រជាពលរដ្ឋទាំងសងខាង ទោះ​តំបន់​នោះមិន​ទាន់ឯកភាពក្នុងការកំណត់ព្រំដែនក៏ដោយ ហើយ​កិច្ច​ការ​បន្ទាប់​គណៈកម្មាធិការ​ព្រំដែន​ប្រទេសទាំងពីនឹងធ្វើការជាមួយគ្នា។

    – សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាបន្តកសាងស្នាដៃដ៏ធំធេងជាច្រើនដូចជា ការ​បោស​សម្អាតមីន ការកំទេចគ្រាប់ ការស្ថាបនាសំណង់ផ្តេក-បញ្ឈរ ក្នុង​តំបន់​បេសកកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់។ ស្នាដៃរបស់វីរយុទ្ធនារីកម្ពុជា នាឆ្នាំ២០២២ នេះ បាន​ទទួល​លំដាប់​លេខ​រៀង​ទី២ ក្នុងបណ្តាសហគមន៍អាស៊ាន និងលំដាប់លេខ១២ ក្នុងចំណោម ១២០​ប្រទេស​បរិច្ចាគ​កង​កម្លាំង​។

    – សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់អ្នកនយោបាយ និងក្រុមជ្រុលនិយមមួយចំនួន គប្បី​កុំ​មាន​ការ​ធ្វើអ​ត្ថាធិប្បាយលើសហួសហេតុ ភូតកុហក់ បំភ្លៃបំផ្លើស ពាក់ព័ន្ធ​ជំនួប​ទ្វេភាគី​រវាង​សម្តេច​តេជោ ហ៊ុន សែន ជាមួយលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ក្នុងពេល​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤០-៤១ និងកិច្ចកំពូលពាក់ព័ន្ធនានានៅកម្ពុជា។

    – សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ជំនួបរវាងសម្តេច និងលោក Antionio Guterres អគ្គ​លេខា​ធិការUN ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការលើវិស័យមីន, តុលាការកូនកាត់ (សាលាក្តី​ខ្មែរ​ក្រហម) និងសកម្មភាពមនុស្សធម៌ក្រោមឆ័ត្រអង្គការសហប្រជាជាតិ តាមរយៈ​បញ្ជូន​កម្លាំង​ទៅ​រក្សា​សន្តិភាពប្រទេសដែលញាំញីដោយសង្គ្រាម។

    – សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បើគ្មានការប្រែប្រួលទេ រដ្ឋមន្ត្រីការពារជាតិចិន និងជួបសន្ទនាជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លើទឹកសៀមរាបអង្គរ ក្នុងពេលកម្ពុជា កំពុង​រៀបចំ​កិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការពារជាតិអាស៊ាន។

    BTVNews

     

    អត្ថបទទាក់ទង