គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី ១

ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១​ |
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី ១ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី ១

នៅព្រឹកថ្ងៃទី ២៧ ខែតុលាឆ្នាំ ២០២១ នេះ បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនរួចហើយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី១ ជាបន្តទៀតជាមួយនឹងថ្នាកដឹកនាំអាស៊ាន។

នៅក្នុងកិច្ចប្រជុំនេះប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានបានផ្លាស់ប្ដូរយោបល់គ្នាជាច្រើន ជាពិសេសក្នុងការបើកទំព័រថ្មីនៃទំនាក់ទំនងប្រទេសដៃគូសន្ទនារវាងប្រទេសអាស៊ាននិងអូស្រ្តាលីនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអូស្រ្តាលី ក្នុងកម្រិតថ្មីមួយទៀត ជាពិសេសនៅក្នុងការចូលរួមចំណែកបន្តលើកកម្ពស់សន្តិភាពស្ថេរភាព និងវិបុលភាពក្នុងតំបន់។ ប្រមុខរដ្ឋាភិបាលអាស៊ានបានឯកភាពក្នុងការ លើកកម្ពស់នៃទំនាក់ទំនង ទំនងអាស៊ាន និងអូស្ត្រាលីដើម្បីអោយទៅដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ប្រមុខរដ្ឋាភិបាលអាស៊ានក៏បានស្វាគមន៍ដល់អូស្ត្រាលីផងដែរក្នុងការបន្តការគាំទ្រដល់តួនាទីស្នូលរបស់អាស៊ាន ពិសេសនៅក្នុងទស្សនៈវិស័យរបស់អាស៊ាន និងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសជួយដល់អាស៊ាន នូវថវិកា៥លានដុល្លារ សម្រាប់គំនិតផ្តួចផ្តើមសន្តិសុខសុខាភិបាលអាស៊ាន-អូស្ត្រាលី ,៦០លានដុល្លារអូស្ត្រាលី ក្នុងការគាំទ្រមជ្ឈមណ្ឌលអាស៊ានសម្រាប់សុខភាពសាធារណៈ សង្គ្រោះបន្ទាន់ និងជំងឺកើតថ្មី។ អូស្ត្រាលី ក៏បានប្រកាសបន្តជួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១០លានដូសបន្ថែមទៀតដល់អាស៊ាន។ ក្រៅពីនេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសបន្តគាំទ្រការស្តារឡើងវិញនូវសេដ្ឋកិច្ចអាស៊ាន។ នាយករដ្ឋមន្ត្រីអូស្ត្រាលី បានបង្ហាញក្តីសង្ឃឹមថា នឹងមានឱកាសមកទស្សនកិច្ចនៅប្រទេសអាស៊ាននីមួយៗនាពេលខាងមុខ។

នាយករដ្ឋមន្ត្រីអូស្ត្រាលី បានចាត់ទុកអាស៊ាន គឺជាតំបន់មួយដែលមានទំហំពាណិជ្ជកម្មធំជាងគេសម្រាប់អូស្ត្រាលី។ នាយករដ្ឋមន្ត្រីអូស្ត្រាលី បានចាត់ទុកអាស៊ានជាតំបន់មួយ ជិតអូស្ត្រាលី ដែលជាមិត្តជិតខាងមួយរបស់អូស្ត្រាលី។

លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានប្រកាសគាំទ្ររាល់យន្តការទាំងឡាយ ដែលដឹកនាំដោយអាស៊ាន។ លោកបានប្រកាសគាំទ្រការកសាងសហគមន៍អាស៊ាន ការធ្វើសមាហរណកម្មអាស៊ាន និងការកាត់បន្ថយគម្លាតប្រទេសសមាជិកអាស៊ាន។

លោកនាយករដ្ឋមន្ត្រី ក៏ចង់ឃើញការផ្តល់ឱកាសឱ្យអូស្ត្រាលីចូលរួមជាមួយអាស៊ានដោយភាពវិជ្ជមាន និងការស្ថាបនា។ នៅចុងក្រោយនៃជំនួបនេះ ក៏មានការផ្លាស់ប្តូទៅលើបញ្ហាក្នុងតំបន់ ដូចជាបញ្ហាសមុទ្រចិនខាងត្បូង មីយ៉ាន់ម៉ា និងឧបទ្វីបកូរ៉េផងដែរ៕

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង