សម្ដេចតេជោ ហ៊ុន សែន រម្លឹកជនរួមជាតិឲ្យមានការប្រុងប្រយ័ត្នពីបញ្ហាភ្លើងផ្សែងក្នុងថ្ងៃសែនចិន
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានក្រើនរម្លឹកដល់បងប្អូនជនរួមជាតិទាំងអស់ឲ្យមានការប្រុងប្រយ័ត្នចំពោះបញ្ហាភ្លើងផ្សែង ដូចជាការចម្អិនម្ហូបអាហារ ដុតក្រដាសសែន ធូប ទៀនជាដើម ដើម្បីចៀសវាងមានអគ្គីភ័យកើតឡើងក្នុងថ្ងៃសែនចូលឆ្នាំចិន។
សម្ដេចតេជោ បានសរសេរថា «ជូនពរថ្ងៃចូលឆ្នាំចិន Gong Xi Fa Cai 2021 ខ្ញុំ និងភរិយា សូមចូលរួមអបអរសាទរក្នុងថ្ងៃសែនចូលឆ្នាំចិនថ្ងៃនេះ។ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាសសែន ធូប និងទៀន… ដើម្បីចៀសវាងកុំឲ្យមានអគ្គីភ័យកើតឡើងដោយការធ្វេសប្រហែសណាមួយដែលធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំ។ សូមចូលរួមទប់ស្កាត់ការពារការចម្លងជម្ងឺកូវីដ១៩ ទាំងអស់គ្នា តាមរយៈការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ »
ក្នុងថ្ងៃនេះ ក៏មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗផងដែរ។ សូមបើកបរគោរពច្បាប់ចរាចរណ៍ កុំបើកប្រជែងយកលឿនតែខ្លួនឯង កុំផឹកគ្រឿងស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិតឬឆ្ងាយ ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំទាំងអស់គ្នា។
ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ ជោគជ័យ និងហេងហេងគ្រប់ៗគ្នាចាប់ពីក្នុងថ្ងៃចូលឆ្នាំចិន ២០២១ នេះតទៅ៕