សម្ដេចតេជោ ហ៊ុន សែន ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ ជាផ្លូវការ
សេអ៊ូល៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សហស្ថាបនិក នៃពានរង្វាន់ស៊ុនហ៊ាក់លោកស្រី ហាក់ ចានហាន់មូន បានប្រគល់មេដាយសន្ដិភាពស៊ុនហាក់ជូនដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដោយផ្ទាល់លើវេទិកាដ៏ធំ នៃការប្រកាសជ័យលាភីសន្ដិភាពស៊ុនហាក់ឆ្នាំ២០២២។
សម្តេចតេជោ ត្រូវបានជ្រើសរើសសម្រាប់ទទួលពានរង្វាន់នេះ ដោយសារតែការដឹកនាំដ៏ខ្ជាប់ខ្លួន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយការដឹកនាំរបស់សម្តេចពិត ជាបានរួមចំណែកដល់ការកសាងស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ ការផ្ដល់ជូននូវពានរង្វាន់ស្ថាបនិកសន្តិភាពស៊ុនហាក់នេះគឺជាសក្ខីភាព នៃការទទួលស្គាល់លើការរួមចំណែករបស់ សម្តេចតេជោ ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍមនុស្សជាតិ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺជាមេដឹកនាំទី១នៅអាស៊ានដែលត្រូវបានមូលនិធិសន្ដិភាពសកលផ្ដល់ពានរង្វាន់ជូន។
ពានរង្វាន់សន្តិភាពស៊ុនហាក់ ត្រូវបានបង្កើតឡើង ដើម្បីទទួលស្គាល់ឥស្សរជន និងស្ថាប័ននានា ដែលបានបម្រើមនុស្សជាតិដែលអាចជាគម្រូមួយធ្វើឱ្យពិភពលោកកាន់តែមានភាពប្រសើរឡើង សម្រាប់មនុស្សជំនាន់ក្រោយ ខណៈពានរង្វាន់សន្តិភាពអន្តរជាតិនេះ បានបង្កើតឡើងដើម្បីរំលឹកដល់ទស្សនៈវិស័យសន្តិភាពរបស់ ស្ថាបនិកគឺលោក ស៊ុនម្យ៉ុនមូន និងលោកស្រីបណ្ឌិត ហាក់ ចាហាន់ មូន៕