គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ប្រធានាធិបតីចិន ស៊ី ជិនពីង ប្រកាសគាំទ្រដល់គម្រោងអភិវឌ្ឍទាំងឡាយនៅកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២​ |
    ប្រធានាធិបតីចិន ស៊ី ជិនពីង ប្រកាសគាំទ្រដល់គម្រោងអភិវឌ្ឍទាំងឡាយនៅកម្ពុជា ប្រធានាធិបតីចិន ស៊ី ជិនពីង ប្រកាសគាំទ្រដល់គម្រោងអភិវឌ្ឍទាំងឡាយនៅកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសគាំទ្រ​ដល់​គម្រោងអភិវឌ្ឍទាំងឡាយនៅប្រទេសកម្ពុជា ជាពិសេសការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធ។

    ឯកឧត្ដមប្រធានាធិបតីចិន បានប្រកាសយ៉ាងដូច្នេះ ក្នុងជំនួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៨​ ខែមីនា ឆ្នាំ២០២២នេះ។

    ក្នុងជំនួបនេះ គឺមានការពិភាក្សាទៅលើចំណុចជាច្រើននៅក្នុងកម្រិតទ្វេភាគី តំបន់ និង​បញ្ហា​របស់​ពិភពលោក​ផង​ដែរ។ កិច្ចពិភាក្សានេះ បានជជែកច្រើនលើទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា ​និងចិន។

    ឯកឧត្តម​ប្រធានាធិបតីចិន បានលើកឡើងថា បច្ចុប្បន្នកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន បាន​ចូលជាធរមាន ដូច្នេះ ចិននឹងនាំចូលអង្ករឱ្យបានកាន់តែច្រើនជាងមុន ព្រមទាំង​ផលិតផល​កសិកម្ម​មួយ​ចំនួន​ទៀត ដូចជាផ្លែ ចេក ស្វាយ និងផ្លែមៀនជាដើម ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ភាពក្រីក្រ​នៅកម្ពុជា។ ឯកឧត្តមប្រធានាធិបតីចិន ក៏បានប្រកាស​គាំទ្រដល់​គម្រោង​អភិវឌ្ឍទាំងឡាយនៅកម្ពុជា ជាពិសេសការអភិវឌ្ឍន៍​លើហេដ្ឋារចនា​សម្ព័ន្ធ។

    ជាមួយគ្នានេះដែរ​ឯកឧត្តម​ប្រធានាធិបតី​ចិន ក៏បានប្រកាស​ផ្តល់ជំនួយ​ជាថ្មី​នូវ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ចំនួន ២០លានដូស។ ក្នុងចំណោម ២០លានដូសនេះ ៥លានដូស នឹងមកដល់កម្ពុជា នៅចុងខែមីនា ឆ្នាំ២០២២នេះ។

    ឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជិនពីង បានប្រកាសធ្វើការរួមគ្នាជាមួយកម្ពុជា ក្នុង​ការ​បង្កើត​រោងចក្រ​ផលិត​វ៉ាក់សាំងនៅកម្ពុជានាពេលខាងមុខផងដែរ។ ឯកឧត្តម ស៊ី ជិនពីង ក៏បាន​មាន​ប្រសាសន៍​ជំរុញ​បង្កើតជើងហោះហើររវាងប្រទេសទាំងពីរ។

    ពាក់ព័ន្ធបញ្ហាអាស៊ាន-ចិន វិញ ដោយសារតែអាស៊ាន និងចិន ទើបនឹង​ដំឡើង​កម្រិត​ទំនាក់ទំ​នង​របស់​ខ្លួន ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីឆ្នាំ២០២១នោះ ឯកឧត្តម​ប្រធានាធិបតីចិន បានប្រកាសគាំទ្រកម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ។ ជាពិសេស​គាំទ្រតួនាទីប្រធានអាស៊ានរបស់កម្ពុជា លើបញ្ហានៅក្នុងតំបន់ និងលើពិភពលោក។

    ឯកឧត្តម ស៊ី ជិនពីង បានគូសរំលេចថា អាស៊ាន និងចិន ត្រូវធ្វើយ៉ាងណា​រួមចំណែក​រក្សា​សន្តិភាព ស្ថេរភាព ការអភិវឌ្ឍ និងវិបុលភាពនៅក្នុងតំបន់ ជាពិសេស​ធ្វើ​យ៉ាង​ណា​ពង្រីក​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​អាស៊ាន និងចិន។ ឯកឧត្តម ប្រធានាធិបតីចិន ក៏បានគាំទ្រការធ្វើដំណើរ​ទស្សនកិច្ច​របស់​សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីខែមករា កន្លងទៅនេះ។ ឯកឧត្តមបានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោ មានសារៈ​សំខាន់​ក្នុងចូលរួមចំណែកដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ដែលជាមធ្យោបាយ​ចូលរួម​ដំណោះស្រាយតាមផ្លូវអាស៊ាន។

    ក្នុងជំនួបពិភាក្សានេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញឯកឧត្តមប្រធានាធិបតីចិន មកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយ។ ឯកឧត្តម ប្រធានាធិបតីចិន បានទទួលយកនូវការអញ្ជើញនេះ ហើយនឹងធ្វើការងារជាភាគីពាក់ព័ន្ធ ដើម្បីទស្សនកិច្ចនៅកម្ពុជា។

    ឯកឧត្តម ប្រធានាធិបតីចិន ក៏បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទស្សនកិច្ចនៅប្រទេសចិន ក្នុងពេលវេលាសមស្របណាមួយ ជាពិសេសក្រោយការរាតត្បាតជំងឺកូវីដ-១៩៕

    អត្ថបទទាក់ទង