សម្ដេចតេជោ ហ៊ុន សែន ផ្ញើលិខិតឆ្លើយតបទៅប្រធានាធិបតីអាមេរិកពីការចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ បានផ្ញើលិខិតឆ្លើយតបទៅប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ដោយទទួលយកនូវការអញ្ជើញសម្ដេចទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលគ្រោងធ្វើឡើងនៅក្នុងខែឧសភាខាងមុខនេះ។
តាមរយៈសារលិខិតសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចពិតជាមានសេចក្តីសោមនស្សរីករាយនឹងចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី ១២-១៣ ខែឧសភា ឆ្នាំ២០២២ ។
សម្ដេចតេជោជឿជាក់ថា ការបញ្ជាក់ជាថ្មីនូវប្ដេជ្ញាចិត្តរបស់លោកប្រធានាធិបតី ដើម្បីពង្រឹងថែមទៀតនូវ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាស៊ាន ជាពិសេសក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍ លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នឹងជាជំហានឆ្ពោះទៅមុខមួយឈានទៅរកការតម្លើងភាពជាដៃគូរបស់យើងឱ្យឡើងដល់កម្រិតខ្ពស់មួយថ្មីទៀត។ ក្នុងន័យនេះ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងលើការកម្ពស់ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចបានបញ្ជាក់សាជាថ្មីអំពីបំណងប្រាថ្នា ដ៏មុតមាំរបស់កម្ពុជាក្នុងការខិតខំស្វែងរកកាលានុវត្តភាពបន្ថែមទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិកលើគ្រប់វិស័យ។
សម្ដេចតេជោបន្តថា កិច្ចប្រជុំកំពូលពិសេសនេះ ជាឱកាសដ៏ប្រសើរសម្រាប់យើង ពិភាក្សាពីការជំរុញកិច្ចសហប្រតិបតិ្តការ ព្រមទាំងផ្លាស់ប្តូរយោបល់គ្នាលើបញ្ហានានា ដែលជាក្តីបារម្ភ និងជាប្រយោជន៍រួមរបស់អាស៊ាន និងសហរដ្ឋអាមេរិក។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា សម្ដេចទន្ទឹងជួបជាមួយលោកប្រធានាធិបតីដោយផ្ទាល់ នៅរដ្ឋធានីវ៉ាស៊ីនតោន និងត្រៀមធ្វើការ ជិតស្និទ្ធជាមួយឯកឧត្តម។
សូមបញ្ជាក់ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ បានចេញលិខិតមួយអញ្ជើញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ នៅសហរដ្ឋអាមេរិក៕