សម្តេចពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជាចូលជួបពិភាក្សាការងារនៅ វិមានរដ្ឋសភានាព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងការកោតសរសើរ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានខិតខំប្រឹងប្រែងនៅក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ដែលក្នុងរយៈពេលជាងពីរឆ្នាំមកនេះបានធ្វើឱ្យយកិច្ចសហប្រតិបត្តិការជាច្រើនវិស័យរវាងប្រទេសទាំងពីរ បានជំរុញ លើកកម្ពស់ និងមានការវិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់។ សម្តេចជឿជាក់ថា ទំនាក់ទំនង ប្រជាជនទំាងពីរប្រទេស ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអាម៉េរិក ដែលមានជាង៧០ឆ្នាំមកនេះ នឹងកាន់តែរីកលូតលាស់ ប្រកបដោយផ្លែផ្កាថែមទៀត។
ឯកឧត្តម Patrick Murphy អបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជាបានខិតខំចាក់វ៉ាក់សំាងប្រឆាំងកូវីដ-១៩ ជូនពលរដ្ឋបានក្នុងកម្រិតខ្ពស់និងឈានដល់ការបើកដំណើរការសកម្មភាពសង្គមនិងសេដ្ឋកិច្ចជាបណ្តើរៗឡើងវិញ។ ឯកឧត្តមបានបញ្ជាក់ថា សហរដ្ឋអាម៉េរិកជាប្រទេសមួយដែលបានចូលរួមយ៉ាងសកម្មជួយដល់វិស័យសុខាភិបាលនៅកម្ពុជាពិសេសនៅកំឡុងពេលនៃការរាលត្បាតជំងឺកូវីដ១៩ នេះ អាម៉េរិកបានផ្តល់វ៉ាក់សំាង Johnson & Johnson ជូនកម្ពុជាប្រមាណជាង១លានដូស តាមយន្តការអង្គការសុខភាពពិភពលោក។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអរគុណជ្រាលជ្រៅចំពោះសហរដ្ឋអាម៉េរិក ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា មានជាអាទិ៍លើ វិស័យសុខាភិបាល អប់រំ បរិស្ថាន វប្បធម៌ កសិកម្ម និងការបោសសំអាតមីនជាដើមនោះ ពិសេសវ៉ាក់សាំងប្រឆាំងកូវីដ-១៩។
ជាចុងបញ្ចប់សម្តេចបានលើកទឹកចិត្តដល់សហរដ្ឋអាម៉េរិក បន្តផ្តល់ អាហារូបករណ៍ និងឱកាសបណ្តុះបណ្តាលដល់និស្សិត និងអ្នកដឹកនំាវ័យក្មេងកម្ពុជា ដោយកម្ពុជាផ្តល់អាទិភាព ដល់សេដ្ឋកិច្ច ផ្អែកលើចំណេះដឹង៕