BREAKING NEWS សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្ដល់ក្របខណ្ឌរដ្ឋ ដល់បុគ្គលិកវិទ្យុ VOD
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤កុម្ភៈ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្ដល់ក្របខណ្ឌរដ្ឋដល់បុគ្គលិកវិទ្យុ វីអូឌី ដែលមានបំណងចង់ចូលបម្រើការងាររដ្ឋ ក្រោយពី ក្រោយពីវិទ្យុនេះត្រូវបានបិទដោយកំហុសថ្នាក់ដឹកនាំ និងគ្មានឱកាសបើកឡើងវិញ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកថា ដោយសារតែវិទ្យុវីអូឌីត្រូវបានបិទ និងគ្មានឱកាសបើកឡើងវិញ និងដោយគិតទៅដល់ជីវភាពបុគ្គលិកដែលបាត់បង់ការងារធ្វើដោយកំហុសមេដឹកនាំ សម្ដេចសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋ សម្រាប់បងប្អូនដែលមានបំណងចូលបំរើកិច្ចការរដ្ឋ។
សម្ដេចតេជោបានមានប្រសាសន៍ថា សូមបងប្អូនធ្វើទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈ ដើម្បីដាក់ពាក្យសុំធ្វើការ។
សម្ដេចតេជោបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈត្រូវទទួលយកពាក្យសុំ និងបែងចែកទៅតាមក្រសួងនានាស្របតាមមុខជំនាញ និងត្រូវសុំការសម្រេចចុងក្រោយពីសម្ដេចតេជោដោយផ្ទាល់។
សម្ដេចតេជោបានបញ្ជាក់ថា សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយសម្ដេចបានបញ្ជាក់ថា នឹងគ្មានការផ្លាស់ប្តូរការសម្រេចចិត្តរបស់របស់សម្ដេចនោះឡើយ។
សម្ដេចបានបន្ថែមថា ជនបរទេសគ្មានសិទ្ធមកបង្គាប់បញ្ជាឲ្យកម្ពុជា ធ្វើនេះ ឬធ្វើនោះតាមការចង់បានរបស់ពួកគេឡើយ ព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ សម្ដេចតេជោបញ្ជាក់ថា ការបិទចោលវិទ្យុដែលគ្មានក្រមសីលធម៌មួយវាមិនធ្វើឲ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយតែផ្ទុយទៅវិញ វានឹងជួយដល់ការអនុវត្តច្បាប់ និងពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀតផង៕