សម្ដេចតេជោ ហ៊ុន សែន សម្រេចលើកពេលជួបជុំសិស្សជាប់និទ្ទេសA ទៅពេលក្រោយវិញ ដោយសារកូវីដ-១៩ «អូមីក្រុង»
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅល្ងាចថ្ងៃទី១៤កុម្ភៈនេះថា សម្ដេចសម្រេចលើកពេលជួបជុំជាមួយសិស្សប្រឡងបាក់ឌុបជាប់និទ្ទេស A ដែលគ្រោងធ្វើនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ទៅពេលក្រោយវិញ ដោយសារកូវីដ-១៩ ប្រភេទអូមីក្រុង បាននឹងកំពុងរីករាលដាលនៅទីក្រុងភ្នំពេញ។
តាមរយៈហ្វេសប៊ុកផ្លូវការសម្ដេចតេជោ បានសរសេរថា «ដោយសារកូវីដ-១៩ មេរោគបម្លែងថ្មីឈ្មោះថាអូមីក្រុងបាននឹងកំពុងរីករាលដាលនៅទីក្រុងភ្នំពេញ។ ដើម្បីសុវត្ថិភាពសម្រាប់ចៅៗសិស្សនិទ្ទេសA និងអ្នកចូលរួម ខ្ញុំសម្រេចចិត្តលើកពេលនៃការជួបជុំជាមួយសិស្សនិទ្ទេសAដែលគ្រោងធ្វើនៅថ្ងៃទី២៨ កុម្ភៈ ២០២២ ទៅពេលក្រោយវិញ។ រក្សាជីវិត និងសុខភាពគឺកិច្ចការចម្បងរបស់យើងទាំងអស់គ្នានាពេលនេះ។ រក្សាបានជីវិត និងមានសុខភាពល្អមិនខ្វះទេពេលវេលា នៃការជួបជុំ។ សង្ឃឹមថាចៅៗ និងក្រុមគ្រួសារនឹងមានការយោគយល់នូវការលំបាកនេះ៕»