សម្ដេចតេជោ ហ៊ុន សែន ប្រកាសបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ ចាប់ពីថ្ងៃទី១វិច្ឆិកានេះតទៅ
ភ្នំពេញ៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ និងប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋរៀនរស់នៅជាមួយនឹងកូវីដ១៩ តាមគន្លងថ្មី ចាប់ពីថ្ងៃនេះតទៅ។
សម្ដេចតេជោ បានប្រកាសយ៉ាងដូច្នេះ ខណៈដែលសម្ដេចអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ជុំទី១ និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារតូចអាយុ ៥ឆ្នាំ។
ប្រសាសន៍សំខាន់ៗមួយចំនួន របស់សម្ដេចតេជោ ហ៊ុន សែន ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១
– នៅពេលនេះការចាក់វ៉ាក់សំាងកូវីដ-១៩ មិនតម្រូវឱ្យមានការបញ្ជាក់អាជ្ញាធរមូលដ្ឋានណាមួយឡើយ គឺប្រជាពលរដ្ឋអាចចាក់បានតែម្តង ដោយចាក់នៅកន្លែងណាក៏បានដែរ ឱ្យតែមានកន្លែងចាក់។
– កម្ពុជាកំពុងធ្វើការជាមួយអាជ្ញាធរថៃ ដើម្បីដឹកវ៉ាក់សាំងចូលប្រទេសថៃចាក់ជូនពលរដ្ឋខ្មែរនៅទីនោះ។
– ការសម្រេចផែនការចាក់វ៉ាក់សាំងកូវីដ-១៩ មិនត្រឹមតែប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេបានសាទរ និងអរគុណ ប៉ុន្តែតំណាងអង្គការយូនីសេហ្វ និងសុខភាពពិភពលោកនៅកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនេះផងដែរ។
– តំណាងអង្គការសុខភាពពិភពប្រចាំកម្ពុជាបញ្ជាក់ថា កម្ពុជា បានធ្វើការយ៉ាងអស្ចារ្យទាក់ទងនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ព្រមទាំងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ហើយកម្ពុជា ស្ថិតក្នុងចំណោមប្រទេសឈានមុខគេនៅក្នុងការផ្តល់តម្លៃរបស់អង្គការសុខភាពពិភពលោកនៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។
– ប្រជាពលរដ្ឋត្រូវរៀនរស់ជាមួយកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវការរក្សាអនាម័យផ្ទាល់ខ្លួន និងវិធានាការ៣កុំ, ៣ការពារ ព្រមទាំងការចាប់ផ្តើមនូវប្រក្រតីភាពឡើងវិញស្ថានភាពសង្គម សេដ្ឋកិច្ច ទេសចរណ៍..។
– សាលារៀនគ្រប់កម្រិតទាំងអស់ ទាំងសាលារដ្ឋ និងឯកជនទូទាំងប្រទេស ចាប់ផ្តើមបើកដំណើរការសិក្សាក្នុងថ្នាក់រៀនឡើងវិញ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
– សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសបើកប្រទេសលើគ្រប់វិស័យឡើងវិញ និងការអំពាវនាវដល់ប្រជាពលរដ្ឋឱ្យរៀនរស់នៅជាមួយកូវីដ-១៩ តាមគម្លងថ្មី។
– សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ចាប់តាំងពីរាជរដ្ឋាភិបាលផ្តល់ថវិកាដល់ជនក្រីក្រ និងជនងាយរងគ្រោះដោយសារបញ្ហាកូវីដ១៩មក គឺអស់ចំនួន ៤០០លានដុល្លារហើយរហូតដល់ពេលនេះ
-រាជរដ្ឋាភិបាលផ្តល់ថវិកាចំនួន២លានរៀល ដល់គ្រួសារសពនីមួយៗដោយសារមេរោគកូវីដ១៩ ខណៈ១លានរៀលទៀតសម្រាប់គណៈកម្មការបូជាសព។
-សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីការ គួរសាកល្បងបើកខារ៉ាអូខេឡើងវិញឬអត់? ព្រោះកម្ពុជាបានចាប់ផ្តើមរស់នៅ ក្នុងគន្លងថ្មីជាមួយមេរោគកូវីដ១៩ហើយនោះ ខណៈនាពេលកន្លងទៅ ការបិទខារ៉ាអូខេនេះមានស្ត្រីភាគច្រើនបានសម្តែងការគាំទ្រ និងត្រេកអរនោះ។
-សម្តេចតេជោ ហ៊ុន សែន បានចំអកដល់ក្រុមប្រឆាំងជាពិសេស(ក្រុមទណ្ឌិត សម រស្សី) ការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមិនឲ្យចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩នោះ បើធ្វើប្រជាមាតិ និងបោះឆ្នោតនឹងចាញ់ផ្កាប់មុខ ដូចករណី១៩វិច្ឆិកា ដេកផ្ទះឈ្នះឯងយ៉ាងដូច្នេះដែរ។
– កម្ពុជា នឹងទទួលបានវ៉ាក់សាំង ១លានដូសបន្ថែមទៀត ខែវិច្ឆិកានេះ ដែលជំនួយរបស់រដ្ឋាភិបាលចិន ។
-សម្តេចតេជោបានបញ្ជាក់ថា មិនបានហាមឃាត់មិនអោយពលរដ្ឋរៀបការនោះទេ គ្រាន់តែមិនអោយរៀបចំកម្មវិធីជួបជុំទ្រង់ទ្រាយធំតែប៉ុណ្ណោះ ហើយអ្នករៀបការហើយចង់យកកូន គួរចាក់វ៉ាក់សាំងអោយបានមុន ដើម្បីបង្ការកូវីដ១៩ ។
-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះកម្ពុជាមានវ៉ាក់សាំងប្រឆាំងកូវីដ១៩នៅក្នុងឃ្លាំងចំនួនជាង៩លានដូសទៀត ដោយក្នុងនោះនៅតាមបណ្តាខេត្តនានាចំនួនជាងពីរលានដូស។