សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាបាននិងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងដំណើការនៃការកសាងសហគមន៍អាស៊ាន
ភ្នំពេញ៖ ក្នុងសារលិខិតអបអរសាទរទិវាអាស៊ាន លើកទី៥៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ចាប់តាំងពីការចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩ និងក្នុងនាមជាសមាជិកដែលចូលក្រោយគេបង្អស់ កម្ពុជាបាននិងកំពុងដើរតួនាទីយ៉ាងសកម្មនៅក្នុងដំណើរការនៃការកសាងសហគមន៍អាស៊ាន។
សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានបន្តថា ឆ្នាំនេះ កម្ពុជាមានកិត្តិយសយ៉ាងក្រៃលែង ដែលបានទទួលតួនាទីជាប្រធានប្តូរវេនរបស់អាស៊ានជាលើកទី៣ ។ មូលបទនៃភាពជាប្រធានរបស់យើងគឺ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” ដែលមូលបទនេះឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញនូវស្មារតីរបស់អាស៊ានផ្អែកលើ “ការរួបរួមគ្នា” ដើម្បីជ្រោង និងលើកកម្ពស់មជ្ឈភាព ឯកភាព និងសាមគ្គីភាពអាស៊ាន នៅក្នុងសកម្មភាពរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់ ព្រមទាំង ដើម្បីជំរុញការចូលរួមចំណែករបស់អាស៊ាន ចំពោះសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងសកលលោក និងតំបន់។
សម្ដេចតេជោបានសង្គត់ធ្ងន់ថា កម្ពុជា គឺជាអ្នកចូលរួមចំណែកយ៉ាងបុរេសកម្មដល់សហគមន៍សន្តិសុខ-នយោបាយអាស៊ាន រួមជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្លួន និងប្រកបដោយការទទួលខុសត្រូវរួមគ្នាក្នុងការរក្សា និង លើកកម្ពស់សន្តិភាព និងសន្តិសុខក្នុងតំបន់។ យើងបានគាំទ្រដល់សន្ទុះនៃការរួមចំណែកយ៉ាង បុរេសកម្មរបស់អាស៊ានចំពោះសន្តិភាពក្នុងតំបន់ និងសកលលោក រួមទាំងតាមរយៈប្រតិបត្តិការ ថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយ កម្ពុជាបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពរបស់ខ្លួនប្រមាណជិត ៨០០០ នាក់ នៅតាមបណ្តាបេសកកម្ម នានារបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសមួយចំនួនទូទាំងសកលលោក។ មជ្ឈមណ្ឌល តំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ដែលមានទីស្នាក់ការនៅរាជធានីភ្នំពេញ ក៏បាន បង្កើនភាពលេចធ្លោររបស់អាស៊ានក្នុងការដោះស្រាយនូវបញ្ហាមីន និងសំណល់ជាតិផ្ទះនៃសង្គ្រាមនានាក្នុងទិដ្ឋភាពមនុស្សធម៌ ។ យើងជឿជាក់យ៉ាងរឹងមាំថា ការការពារសន្តិសុខមនុស្សជាតិ គឺជាផ្នែកដ៏សំខាន់មួយ នៃការថែរក្សាសន្តិភាព និងសន្តិសុខសកលលោក។
សម្ដេចតេជោបន្តទៀតថា កម្ពុជានៅតែបន្តផ្តោតសារៈសំខាន់យ៉ាងខ្លាំងចំពោះការលើកកម្ពស់គោលការណ៍ជាសកល នៃ កិច្ចសហប្រតិបត្តិការមិត្តភាព និងសន្តិសហវិជ្ជមាន ដែលបានចែងក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ច សហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ បច្ចុប្បន្ន យើងមានរដ្ឋភាគីចំនួន ៤៩ ដែលបានចូល រួមក្នុងកិច្ចព្រមព្រៀងនេះ ដែលធ្វើឱ្យភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរបស់អាស៊ាន ជាមួយ ភាគីខាងក្រៅកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ និងបានពង្រីកវិសាលភាពដល់ទីបជា ច្រើន និងជាការឆ្លុះបញ្ចាំងអំពីការកើនឡើងនូវសារៈសំខាន់របស់អាស៊ាននៅក្នុងកិច្ចការតំបន់ និងពិភពលោក។
សូមជំរាបថា កម្ពុជាចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន (Association of Southeast Asian Nations – ASEAN) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ានមក កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម៕