រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្ដលើកលែងពន្ធ ៣ខែទៀត លើអាជីវកម្មទេសចរណ៍នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប

ភ្នំពេញ៖ ទន្ទឹមនឹងការដាក់ចេញនូវវិធានការ គោលនយោបាយ និងផែនការយុទ្ធសាស្រ្តនានា ដើម្បីគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាពិសេសក្នុងទិសដៅបន្តជំរុញលំនឹងអាជីវកម្ម-ធុរកិច្ចក្នុង វិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ, រាជរដ្ឋាភិបាលយល់ឃើញពីភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការ បន្ថែមសម្រាប់បន្តគ្រប់គ្រង និងវាយតម្លៃផលប៉ះពាល់ ព្រមទាំងគាំទ្រការងើបឡើងវិញ នៃវិស័យទេសចរណ៍ក្នុងកាលៈទេសៈដ៏លំបាកនេះ ។
រាជរដ្ឋាភិបាល បានសហការជាមួយវិស័យឯកជន និង ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់ចេញនូវវិធានការបន្ថែមជូនវិស័យទេសចរណ៍ រួមមាន៖
- ទី១.បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយ អគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និង ខេត្តព្រះសីហនុ សម្រាប់រយៈពេល ៣ខែបន្ថែមទៀត គឺពីខែ កក្កដា ដល់ខែ កញ្ញា ឆ្នាំ២០២២ ។ អាជីវកម្មទាំងនេះនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់ការគ្រប់គ្រងអាករលើតម្លៃបន្ថែម (EVAT) ជារៀងរាល់ខែក្នុងអំឡុងពេលនេះ។
- ទី២.បន្តផ្តល់ការសម្របសម្រួលតាមរយៈការបង្កកតួលេខបំណុលត្រឹមចុងឆ្នាំ ២០១៩ និងមិនគិតការពិន័យសម្រាប់ឆ្នាំ ២០២២ សម្រាប់វិស័យទេសចរណ៍ ។
- ទី៣.ជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍ រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញជូនដល់បុគ្គលិករបស់ខ្លួនដោយខ្លួនឯង និងមានលទ្ធភាពស្នើសុំការគាំទ្រហិរញ្ញប្បទានពីសំណាក់គម្រោងមូលនីធិអភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់ ។
អត្ថបទទាក់ទង