សម្តេចតេជោ ហ៊ុន សែន ប្រកាសថានឹងចាក់វ៉ាក់សាំងដែលទទួលបានពីមិត្តចិនមុនគេ
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ថានឹងចាក់វ៉ាក់សាំងដែលទទួលបានពីមិត្តចិននោះមុនគេ។
សម្តេចបានសរសេរថា «ពីរថ្ងៃមុននេះសម្តេចបានទូលប្រគេន និងជំរាបជូនបងប្អូនជនរួមជាតិយើងហើយថាយើងបានទទួលពីសាធារណរដ្ឋប្រជាមានិតចិននូវជំនួយវ៉ាក់សាំងលើកដំបូងចំនួន១លានដូស។
ថ្ងៃនេះដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំងនិងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩ សម្តេចសូមប្រកាសថាវ៉ាក់សាំង ដែលនឹងចាក់លើកទីមួយនិងមុនគេគឺរូបសម្តេចនេះតែម្តង។
សម្តេចថាសម្តេចត្រូវតែស្ថិតនៅខ្សែត្រៀមជួរមុខដែលជាទម្លាប់ធម្មតារបស់សម្តេចរាប់សិបឆ្នាំមកហើយ។
អរគុណសន្តិភាព!អរគុណនយោបាយឈ្នះ ឈ្នះ!។»
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់រដ្ឋាភិបាលចិន ដែលកម្ពុជាយកមកប្រើប្រាស់នេះ គឺជាវ៉ាក់សាំងស៊ីណូហ្វាម។សម្តេចបញ្ជាក់ពីមូលហេតុ ដែលប្រើវ៉ាក់សាំងស៊ីណូហ្វាមនេះ ដោយសារវាអាចរក្សានៅក្នុងសីតុណ្ហភាព ២ ទៅ៨អង្សាលើសូន្យ ងាយស្រួលក្នុងការរក្សាទុក បើធៀបជាមួយវ៉ាក់សាំងប្រទេសខ្លះ តម្រូវឱ្យរក្សានៅក្នុងសីតុណ្ហភាព ៧០អង្សាក្រោមសូន្យ។ បន្ថែមពីលើនោះ ការប្រើប្រាស់វ៉ាក់សាំងរបស់ចិន ងាយស្រួលក្នុងការដឹកជញ្ជូនផងដែរ។សម្តេចតេជោនាយករដ្ឋមន្ត្រីបន្ថែមថា មេដឹកនាំចិននិងមេដឹកនាំឥណ្ឌូនេស៊ីនិងប្រជាជនរាប់លាននាក់បានចាក់រួចមកហើយៗ «រហូតមកដល់ពេលនេះរដ្ឋមន្ត្រីការបរទេស វ៉ាង យី របស់សាធារណរដ្ឋប្រជាមានិតចិន មានសុខភាពល្អណាស់ ហើយដើរស្ទើរគ្រប់ទីកន្លែង។ ឥឡូវកំពុងទស្សនកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើងនេះផងដែរ បន្ទាប់ពីទស្សនកិច្ចនៅតំបន់អាហ្វ្រិក។ ដូច្នេះបទពិសោធន៍នៃរដ្ឋមន្ត្រីការបរទេស វ៉ាង យី ដែលជាមេដឹកនាំដ៏សំខាន់មួយរូបរបស់ចិន បានផ្តល់ឱ្យយើងមានជំនឿជឿជាក់ថា វាពុំមានហានិភ័យណាមួយទៅដល់អាយុជីវិតរបស់មនុស្សនោះទេ សម្រាប់វ៉ាក់សាំងរបស់ចិន»៕