នៅព្រឹកនេះ រដ្ឋសភា ប្រកាសសុពលភាពសមាជិកថ្មីពីររូប ជំនួសសមាជិកដែលបានសុំលាលែង
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ រដ្ឋសភាបាន បន្តសម័យប្រជុំលើកទី៥ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីប្រកាសសុពលភាព នៃអាណត្តិតំណាងរាស្រ្តទាំងពីររូប ជំនួសសមាជិករដ្ឋសភាដែលបានសុំលាលែងទៅកាន់តួនាទីថ្មី។
សមាជិករដ្ឋសភាថ្មី ដែលបានប្រកាសសុពលភាពនៅព្រឹកនេះ មានឯកឧត្តម លី ស៊ុគ្រី ជាតំណាងរាស្រ្ត មណ្ឌលខេត្តតាកែវ ជំនួសឯកឧត្តម សុខ សូកាន និងឯកឧត្តម សៅ សារ៉ាត់ ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តប៉ៃលិន ជំនួសលោកជំទាវ បាន ស្រីមុំ។
ក្នុងសម័យប្រជុំរដ្ឋសភានាពេលនោះ បានបោះឆ្នោតជ្រើសតាំង ឯកឧត្តម ខៀវ ភារិទ្ធ ជាសមាជិកគណៈកម្មការអបរំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ និងលោកជំទាវ នូ សុវណ្ណនី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសថា សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ បានចាប់ផ្តើមពីថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃអង្គារ ទី៥ ខែមករា ឆ្នាំ២០២១ មានរយៈពេល បីខែ ស្របតាមរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។ នៅក្នុងរយៈពេល បីខែមកនេះ សម័យប្រជុំរដ្ឋសភា សម្រេចបានលទ្ធផលដូចជា៖ អនុម័តសេចក្តីព្រាងច្បា់បានចំនួន២២ សម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្ត ២រូប នីតិកាលទី៦ នៃរដ្ឋសភាគឺ៖ ឯកឧត្តម លី ស៊ុគ្រី ជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងឯកឧត្តម សៅ សារ៉ាត់ ជាតំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន និងបានបោះឆ្នោតជ្រើសតាំង៖ ឯកឧត្តម ខៀវ ភារិទ្ធ ជាសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ និងលោកជំទាវ នូ សុវណ្ណនី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សម្តេចប្រធានរដ្ឋសភា ក៏បានប្រកាសជូនអង្គសភា ជ្រាបថា ប្រសិនបើសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ពុំមានរបៀបវារៈសម្រាប់ធ្វើការ ពិភាក្សា និងអនុម័តទៀតទេ សូមប្រកាសបិទសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ចាប់ពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ តទៅ៕