រាជរដ្ឋាភិបាលកម្ពុជា ត្រៀមថវិកាទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន ១លានដូស ចាក់ជូនប្រជាជនដោយឥតគិតថ្លៃ
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែនបានត្រៀមថវិកាទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន ១លានដូស ចាក់ជូនប្រជាជនដោយឥតគិតថ្លៃ។
តាមរយៈហ្វេសប៊ុកនៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោបានលើកឡើងដូច្នេះថា «កន្លងមកជាមួយនឹងការតាមដាននូវដំណើរការផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ប្រទេសនានា ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូងផងដែរ។»
សម្ដេចតេជោ មានប្រសាសន៍ថា ពេលនេះប្រទេសមួយចំនួនផលិតបាន និងដាក់អោយប្រើប្រាស់ហើយនឹងកំពុងបញ្ចេញលក់អោយប្រទេសនានាផងដែរ។ សម្ដេចបន្តថា សម្ដេចបានណែនាំអោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា?
សម្ដេចតេជោ បានបន្តយ៉ាងដូច្នេះថា «ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ការទិញ ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ មួយលានដូសចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេងដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង។»
សម្ដេចតេជោ បន្តទៀតថា ក្នុងស្ថានភាពដែលប្រទេសយើងនៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម សម្ដេចបានណែនាំរដ្ឋមន្ត្រីទាំង២រូបអោយពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជនយើង។
សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ដៃគូអភិវឌ្ឍន៍ទាំងអស់នឹងផ្តល់ជំនួយដល់ប្រជាជនកម្ពុជា ឬយ៉ាងហោចក៏លក់ក្នុងតម្លៃថោកសមរម្យ។ សម្ដេចតេជោក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ទិញ២ទៅ៣លានដូសថែមទៀតផងដែរសម្រាប់ដំណាក់កាលបន្ទាប់៕