កម្ពុជា គ្រោងផលិតវ៉ាក់សាំងកូវីដ១៩ ដោយយកប្រភពដើមនៃវ៉ាក់សាំងចេញពីប្រទេសចិន
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាមានគម្រោងផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយយកប្រភពដើមនៃវ៉ាក់សាំងចេញពីប្រទេសចិន។
សម្ដេចតេជោបានបញ្ជាក់យ៉ាងដូច្នេះ ក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២លានដូសបន្ថែមទៀត ពីប្រទេសចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្នុងឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ការសម្រេចចិត្តរបស់កម្ពុជា ក្នុងការយកប្រទេស ចិនជាបង្អែកយុទ្ធសាស្រ្តចាក់វ៉ាក់សាំងនោះ គឺបានធ្វើឲ្យប្រទេសកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ ចាក់ជូនប្រជាជនកម្ពុជារហូតដល់លើសផែនការកំណត់ និងថែមទាំងបានសម្រេចបើកសេដ្ឋកិច្ចប្រទេសឡើងវិញផងដែរ បន្ទាប់ពីបិទអស់រយៈពេលយូរ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។
សម្ដេចតេជោ បានលើកឡើងថា កិច្ចសហប្រតិបត្តិការក្នុងការផលិតវ៉ាក់សាំងនៅកម្ពុជា ដោយយកប្រភពដើមនៃវ៉ាក់សាំងចេញពីប្រទេសចិន ធ្វើឲ្យកម្ពុជាមានលទ្ធភាពទិញវ៉ាក់សាំងដែលបានផលិតនៅក្នុងប្រទេសកម្ពុជាខ្លួនឯងផង ក៏អាចចែកចាយវ៉ាក់សាំងទៅប្រទេសដទៃទៀតដោយការបញ្ជាទិញផងដែរ។ តាមរយៈផែនការនេះសម្តេចតេជោរំពឹងថា ទោះបីវិបត្តិកូវីដ-១៩ នៅអូសបន្លាយរាប់ឆ្នាំទៀតក៏ដោយ ក៏យើងមានមូលដ្ឋានគ្រប់គ្រាន់សម្រាប់ទប់ទល់នឹងវិបត្តិនេះបន្តទៀតផងដែរ៕