សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៤) រួចរាល់ហើយនៅថ្ងៃនេះ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញទទួលចាក់វ៉ាក់សាំងដូសជំរុញ(ដូសទី៤) រួចរាល់ហើយនៅគេហដ្ឋានសម្ដេចផ្ទាល់ ដើម្បីការពារការឆ្លងមេរោគកូវីដ-១៩។
តាមរយៈហ្វេសប៊ុកផ្លូវការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ បានបង្ហោះអំពីការដែលសម្តេចទាំងពីរបានចាក់វ៉ាក់សាំងដូសទី៤ ហើយ។
សម្តេចតេជោបានសរសេរដូច្នេះថា “ គ្មានជម្រើសអ្វីឱ្យល្អជាងការចាក់វ៉ាក់សាំងគួបផ្សំជាមួយវិធានការសុខាភិបាល៣ការពារនិង៣កុំនោះទេ។
សម្តេចមានកម្លាំងការពារយ៉ាងរឹងមាំនៅគ្រប់ទីកន្លែងតែពួកគាត់មិនអាចការពារសម្តេចមិនឱ្យឆ្លងកូវីដ.១៩បានឡើយ។
ប្រពន្ធនិងកូនៗព្រមទាំងចៅៗរបស់សម្តេចក៏មិនអាចការពារសម្តេចបានដែរ។ និយាយរួមគ្មានអ្នកណាអាចការពារសម្តេចបានឡើយគឺមានតែរូបសម្តេចខ្លួនឯងប៉ុណ្ណោះទើបអាចការពារខ្លួនបាន។”
ឆ្លៀតឱកាសនេះសម្តេចតេជោ បានសូមឱ្យបងប្អូនជនរួមជាតិអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ ដើម្បីការពារខ្លួនយើង គ្រួសារយើង ភូមិ ឃុំយើង និងជាតិយើង។
គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៧២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់, លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,២៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់, លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៥៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់, លើកុមារអាយុ ០៥ឆ្នាំ មាន ១០២,៨៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់។ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៨៩,៣៨% ៕