ថ្ងៃតេស្តលើកទី៣ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត លទ្ធផលអវិជ្ជមានកូវីដ១៩
ភ្នំពេញ៖ លទ្ធផលតេស្តលើកទី៣ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បង្ហាញថា អវិជ្ជមានវីរុសកូវីដ១៩ ។ នេះបើយោងតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ។
សម្ដេចតេជោ បានមានប្រសាសន៍ថា ក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តជាលើកទី៣ ជាលទ្ធផលទាំងរូបសម្ដេចផ្ទាល់ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាបងប្អូននៅជុំវិញ គឺអវិជ្ជមានកូវីដ-១៩ទាំងអស់។
សម្ដេចតេជោ បន្តថា សម្ដេចកំពុងរង់ចាំលទ្ធផល នៃការធ្វើតេស្តបងប្អូនផ្សេងទៀតដែលពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ៣វិច្ឆិកា ហើយសង្ឃឹមថាលទ្ធផលនឹងអវិជ្ជមានទាំងអស់គ្នា។ ទោះយ៉ាងណាក៏ដោយ សម្ដេចនឹងបន្តធ្វើចត្តាឡីស័ករហូតដល់ថ្ងៃទី១៨ វិច្ឆិកា ដែលនឹងត្រូវធ្វើតេស្តលើកទី៤ និងជាលើកចុងក្រោយ។
សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា លទ្ធផលធ្វើតេស្តលើកទី៤ខាងមុខនឹងអវិជ្ជមានវីរុសកូវីដ១៩ ទាំង សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបងប្អូនប្រមាណជាង១០០០នាក់ ដែលធ្វើចត្តាឡីស័កក្នុងពេលជាមួយគ្នាពីថ្ងៃទី៤ វិច្ឆិកា២០២០ ដែលនឹងធ្វើឱយការព្រួយបារម្ភអំពីកូវីដ-១៩ ត្រូវបានកាត់បន្ថយនៅក្នុងរាជធានីភ្នំពេញនិងខេត្តកណ្តាល នឹងអាចឈានទៅបើកសាលារៀនឡើងវិញសម្រាប់ការសិក្សារបស់កូនចៅយើង។
សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិដែលបារម្ភអំពីសុខភាព និងជូនពរដល់សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៕