គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន​ សែន​ ៖ “ពានរង្វាន់សន្តិភាពនេះ មិនមែន​បាន​មកដោយសារតែខ្ញុំតែម្នាក់ឯងនោះទេ”

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២​ |
    សម្ដេចតេជោ ហ៊ុន​ សែន​ ៖ “ពានរង្វាន់សន្តិភាពនេះ មិនមែន​បាន​មកដោយសារតែខ្ញុំតែម្នាក់ឯងនោះទេ” សម្ដេចតេជោ ហ៊ុន​ សែន​ ៖ “ពានរង្វាន់សន្តិភាពនេះ មិនមែន​បាន​មកដោយសារតែខ្ញុំតែម្នាក់ឯងនោះទេ”

    សេអ៊ូល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងថា ពានរង្វាន់​សន្តិភាព​ស៊ុនហាក់​ឆ្នាំ២០២២នេះ មិនមែនបានមកដោយសារតែសម្តេចតែម្នាក់ឯងនោះទេ ហើយ​ក៏​មាន​មនុស្ស​ជា​ច្រើន​រូប​ផ្សេងទៀត ដែលសាកសមនឹងទទួលបាននូវពានរង្វាន់សន្តិភាពនេះ ដោយសារពួក​គេ​បាន​ចូលរួមគាំទ្រ​យ៉ាង​សកម្ម​ដល់​ការខិតខំ​ប្រឹងប្រែ​ង​របស់​សម្តេច​នៅ​ក្នុង​កិច្ចដំណើរការ​នៃការ​កសាង​សន្តិភាព​នៅប្រទេសកម្ពុជា។

    សម្តេចតេជោបានថ្លែងដូចនេះនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងពិធីទទួលពាន​រង្វាន់​ស្នាដៃ​សន្តិភាព​ពិសេស​របស់ស្ថាបនិក អង្គការសន្តិភាពសកល ដែលប្រារព្ធធ្វើនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

    សម្ដេចតេជោបានមានប្រសាសន៍​បង្ហាញ​អំពី​ប្រវត្តិ​ដ៏​ជូរចត់​ដោយ​យកជីវិត​ធ្វើដើ​មទុន​ក្នុង​ការ​តស៊ូ​រំដោះ​ប្រទេសជាតិ នៅគ្រប់ដំណាក់​កាល​ និង​ការ​តស៊ូ​ស្វែងរក​សន្តិភាព​ ជាពិសេស​តាមរយៈគោល​ នយោបាយ​ ឈ្នះ ឈ្នះ របស់​សម្ដេច​ដែល​នាំ​ឲ្យ​កម្ពុជា​ទទួល​បាន​នូវ​ផល​ប្រយោជន៍​ជា​កាលានុវត្ត​ភាព​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ក្រោម​ដំបូល​នៃ​សន្តិភា​ព។ ​សម្ដេច​បាន​មាន​ប្រសាសន៍​ថា​គ្មានសន្តិភាព គ្មានការអភិវឌ្ឍ គ្មានសន្តិភាព គ្មានការគោរពសិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។

    ក្នុងឱកាសនោះដែរ​សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវការ​ដឹង​គុណ​ដ៏ជ្រាលជ្រៅ​ចំពោះ​អតីត​ព្រះមហាវីរៈក្សត្រ សម្តេចព្រះនរោត្តម សីហនុ ព្រះវររាជមាតា និងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន ដែលបានបំពេញ​ព្រះរាជ​តួនាទី​ក្នុង​ការ​លើក​កម្ពស់​នូវ​ស្មារតី​នៃ​សាមគ្គីជាតិរវាងប្រជាជនកម្ពុជា ក្នុងឋានៈជាមហាគ្រួសារតែមួយ។

    ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រួសាររបស់សម្តេច ចំពោះ​ការស្រឡាញ់ និងការគាំទ្រដល់ដំណើរការស្វែងរកសន្តិភាព សម្រាប់ប្រទេសកម្ពុជា និង​អរគុណ​មេដឹកនាំ​ និងសមាជិករាជរដ្ឋាភិបាលកម្ពុជាផ្សេងទៀត ព្រមទាំងកម្លាំង​ប្រដាប់​អាវុធ​ពី​គ្រប់​ភាគីដែល​បាន​ដើរ​តួនាទី​យ៉ាងសំខាន់​នៅ​ក្នុង​កិច្ចខិតខំប្រឹង​ប្រែង​រួ​ម​ដើម្បី​កសាង​ និង​លើកក​ម្ពស់​សន្តិភាព ព្រមទាំង​អរគុណ​បណ្តា​ប្រទេស​ជា​មិត្ត​ និង​សហគមន៍​អន្តរជាតិនានា​ដែល​បាន​ផ្តល់​ជំនួយ ​នៅក្នុងដំណើរការស្វែងរកសន្តិភាព សម្រាប់កម្ពុជា និងការ​កសាង​ប្រទេស​ឡើងវិញ​ក្រោយ​សង្រ្គាម​។

    សូមបញ្ជាក់ថា ពានរង្វាន់​សន្តិភាព​នេះ​គឺ​ជា​ការ​ទទួល​ស្គាល់​ភាព​ជាអ្នកដឹកនាំ​ដ៏​អស្ចារ្យ​របស់​សម្ដេចតេជោ​អស់រយៈពេលជា​ច្រើន​ឆ្នាំ​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង​ការ​ចូលរួម​ចំណែករបស់​សម្ដេច​ចំពោះ​សន្តិភាព ស្ថិរភាព​ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចនៅ​កម្ពុជា​​ និង​តំបន់​ទាំងមូល។

    ពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាពានរង្វាន់សន្តិភាពដ៏​មានកិត្យានុភាព​បំផុត​មួយ​របស់​ពិភពលោក បង្កើត​ឡើង​ដើម្បី​ទទួលស្គាល់ បុគ្គល និងស្ថា​ប័ន​ដែល​បាន​បម្រើដល់​មនុស្សជាតិ​ដែល​ជាគំរូមួយ ក្នុងការ​ធ្វើឱ្យពិភពលោកកាន់​តែប្រសើរឡើង សម្រាប់មនុស្សជំនាន់ក្រោយ៕

     

    អត្ថបទទាក់ទង