សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្ដល់ថវិកា ២០០លានរៀលបន្ថែមទៀត ដល់ខេត្តបន្ទាយមានជ័យ ដើម្បីផ្គត់ផ្គង់ពលករមកពីថៃ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចផ្ដល់ថវិកាចំនួន ២០០លានរៀល និងសម្ភារៈមួយចំនួន បន្ថែមទៀត ដល់ខេត្តបន្ទាយមានជ័យ ដើម្បីផ្គត់ផ្គង់ចំពោះពលករមកពីប្រទេសថៃ។ នេះបើយោងតាមប្រសាសន៍ របស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។
លោកជំទាវ យក់ សម្បត្តិ បានមានប្រសាសន៍ថា ប្រមុខដឹកនាំរាជរដ្ឋាភិបាលសម្ដេចតេជោ បានឯកភាពផ្គត់ផ្គង់សម្ភារៈបរិក្ខា៖ ឃីត(កន្ទេលជ័រ មុង ភួយ ខ្នើយ ស្រោមខ្នើយ សារ៉ុង និងក្រម៉ា) ទឹកបរិសុទ្ធ មីកញ្ចប់ ជូនដល់ខេត្តនៅជាប់ព្រំដែនប្រទេសកម្ពុជា-ថៃ។ លោកជំទាវ យក់ សម្បត្តិដែរបន្តថា សម្ដេចតេជោ ក៏បានសម្រេចផ្ដល់ថវិកាចំនួន ២០០លានរៀលបន្ថែមដល់ខេត្តបន្ទាយមានជ័យ ដើម្បីផ្គត់ផ្គង់ដល់ពលករខ្មែរដែលចូលមកកម្ពុជា រង់ចាំការដឹកជញ្ជូនទៅកាន់មូលដ្ឋាននានា តាមបណ្ដាខេត្តនោះ។
ខេត្តដែលទទួលបានសម្ភារបរិក្ខាបន្ថែមរួមមាន៖
១- ខេត្តបន្ទាយមានជ័យ ទទួលបាន ឃីត ២០០, ទឹកបរិសុទ្ធ ១០០០កេស និង មីកញ្ចប់ ១០០០កេស
២- ខេត្តឧត្ដរមានជ័យ ទទួលបាន ឃីត ១០០, ទឹកបរិសុទ្ធ ២០០០កេស និងមីកញ្ចប់ ១០០០កេស
៣- ខេត្តប៉ៃលិន ទទួលបាន ឃីត ២០០, ទឹកបរិសុទ្ធ ២០០០កេស និងមីកញ្ចប់ ១០០០កេស
៤- ខេត្តកោះកុង ទទួលបាន ឃីត ១០០, ទឹកបរិសុទ្ធ ១០០០កេស និងមីកញ្ចប់ ៥០០កេស
៥- ខេត្តឧត្ដរមានជ័យ ទទួលបាន ឃីត ២០០៕