សារសំឡេងពិសេសសម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ពីប្រជាពលរដ្ឋ ក្រោយប្រកាសផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥កញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារជាសំឡេងពិសេសសុំការយោគយល់ពីសំណាក់ព្រះសង្ឃ និងពុទ្ធបរិស័ទទាំងអស់ ក្រោយប្រកាសផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយសារការឆ្លងរាលដាលមេរោគកូវីដ-១៩។ សម្ដេចថា ការផ្អាកនេះគឺដើម្បីការពារជីវិតរបស់ប្រជាពលរដ្ឋ។
សម្ដេចតេជោ បញ្ជាក់ថា ក្រោយក្រុមគ្រូពេទ្យយកសំណាក នៅតាមវត្តនានា ក្នុងរាជធានីភ្នំពេញ បានបង្ហាញឲ្យឃើញថា វត្តស្ទើរតែពាក់កណ្តាលបានរកឃើញវិជ្ជមានមេរោគកូវីដ-១៩។ សម្ដេចតេជោបន្តថា វ៉ាក់សាំងតែមួយមុខមិនអាចការពារយើងរួចផុតពីមេរោគរាតត្បាតកូវីដ-១៩ នោះទេ យើងត្រូវអនុវត្តតាមវិធានសុខាភិបាល គឺ៣កុំ ៣ការពារ។
សម្ដេចតេជោ បានគូសបញ្ជាក់ថា ការរក្សាជីវិតឲ្យបាន គឺជារឿងសំខាន់បំផុត រក្សាជីវិតបានមិនខ្វះពេលធ្វើបុណ្យទានទេ។ សម្ដេចបន្តដែរថា សម្ដេចពិតជាចង់ធ្វើបុណ្យធ្វើទានណាស់ តែបើពិធីនេះធ្វើឲ្យគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ គឺមិនអាចធ្វើបានឡើយ។ សម្ដេចសង្ឃឹមថា សម្ដេច ព្រះតេជគុណព្រះសង្ឃគ្រប់អង្គ និងពុទ្ធបរិស័តទាំងអស់ មានការយោគយល់ដល់ការលំបាកនេះ៕