គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ អញ្ជើញដឹកនាំប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​នៅ​ប្រទេសជប៉ុន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ អញ្ជើញដឹកនាំប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​នៅ​ប្រទេសជប៉ុន សម្ដេចតេជោ​ ហ៊ុន​ សែន​ អញ្ជើញដឹកនាំប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​នៅ​ប្រទេសជប៉ុន

    ភ្នំពេញ៖ តាមការអញ្ជើញរបស់ឯកឧត្តម គីស៊ីដា ហ្វីមីអូ នាយករដ្ឋមន្ត្រីជប៉ុន នៅព្រឹកថ្ងៃទី២២ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន​ដឹក​នាំ​គណៈប្រតិភូជាន់ខ្ពស់​អញ្ជើញទៅ​ចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Kumamoto ប្រទេសជប៉ុន។

    អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំកំពូលខាងលើ រួមមាន ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងមន្ត្រីជាន់ខ្ពស់នៃ រាជរដ្ឋាភិបាល​កម្ពុជា​មួយចំនួនទៀតផងដែរ។

    កិច្ចប្រជុំកំពូលលើកទី៤ ស្តីពី «បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» នឹងត្រូវធ្វើឡើង ក្រោមមូលបទ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ» ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់២៤ ខែមេសា។

    កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងចែករំលែកទស្សនទាន ការប្រមើមើលទៅមុខ នៃ​ដំណោះ​ស្រាយ និងការអនុវត្ត ជូនចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលគាំទ្រ​ដល់​ការសម្រេច​ចិត្ត​ជា​គោល​នយោបាយ ក្នុងការ​ពន្លឿន​សកម្មភាព​ឲ្យសម្រេច​បាន​នូវ​ការ​លូតលាស់​ប្រកប​ដោយ​គុណភាព ឆ្ពោះទៅកាន់សង្គមមួយដែលមានភាពធន់ ប្រកបដោយបរិយាប័ន្ន និងដោយចីរភាព ដោយ​ដោះស្រាយនូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងទឹក ក្រោយពេលដែលស្ថានភាពជំងឺកូវីដ-១៩ បាន​ប្រសើរឡើងវិញ ក្នុងតំបន់អាស៊ី-បាស៊ីហ្វិក។

    នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅចំពោះមុខប្រមុខរាជ/រដ្ឋាភិបាល និងឥស្សរជន នយោបាយ ព្រមទាំងតំណាងអង្គការជាតិ និងអង្គការអន្តរជាតិជាច្រើនរូប សម្តេចតេជោ​នាយក​រដ្ឋ​មន្ត្រី  នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំកំពូល ដោយផ្តោតលើសារសំខាន់នៃទឹក និង​បញ្ហានានាពាក់ព័ន្ធនឹងទឹក ក៏ដូចជាតម្រូវការ​ចាំបាច់​ក្នុង​ការ​ធ្វើការ​ជាមួយគ្នា ដើម្បីគ្រប់គ្រង ធនធាន​ដ៏ចាំបាច់។ ក្រៅពីនេះ សម្តេចតេជោនាយករដ្ឋមន្ដ្រី និងឯកឧត្តម គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្ត្រីជប៉ុននឹង មានកិច្ចប្រជុំទ្វេភាគី ដើម្បីពង្រឹង និងលើកកម្ពស់បន្ថែមទៀត​នូវ​ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹង​ធ្វើ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុងពិធីចុះហត្ថលេខាលើ អនុស្សារណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងធនធានទឹក និង​ឧតុនិយមកម្ពុជា និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ផងដែរ៕

     

     

    អត្ថបទទាក់ទង