សម្ដេចតេជោ ៖ សមាសភាពគណៈរដ្ឋមន្ត្រីថ្មី សម្រាប់អ្នកបន្តវេន បានរៀបចំត្រៀមរួចរាល់ហើយ [វីដេអូ]
កណ្ដាល៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ គណបក្សប្រជាជនកម្ពុជា នឹងរៀបចំសន្និបាត ដើម្បីជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត ហើយសមាសភាពនៃគណៈរដ្ឋមន្ត្រីថ្មី (បម្រុង) សម្រាប់យុវជនជំនាន់ក្រោយដែលជាអ្នកបន្តវេននោះ ក៏បានរៀបចំរួចរាល់ហើយដែរ ក្នុងនោះជិតពាក់កណ្ដាល គឺបានរៀបចប់ថ្នាក់បណ្ឌិត។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ ក្នុងឱកាសដែលសម្ដេចបានអញ្ជើញចុះទៅត្រួតពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលសម្ដេចប្រសិទ្ធនាមថា «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ» មានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ។
សម្តេចបានបង្ហើបថា សមាសភាពនៃគណៈរដ្ឋមន្ត្រីថ្មីនោះ ជាគណៈរដ្ឋមន្ត្រីបម្រុងនេះ សម្តេចមិនបង្ហាញថាមានសមាសភាពជាអ្នកណាៗនោះនៅឡើយទេ។នៅក្នុងសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលត្រៀមទុកនោះ គឺមានអាយុក្រោម ៦០ឆ្នាំ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កាលពីថ្ងៃម្សិលមិញ មានការប្រជុំរួចស្រេចទៅហើយ នៅផ្ទះរបស់សម្ដេច ដោយមានការចូលរួមពីសម្ដេចតេជោផ្ទាល់, សម្ដេចក្រឡាហោម ស ខេង, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ, សម្ដេចពិជ័យសេនា ទៀ បាញ់, និងលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន។ នៅក្នុងកិច្ចប្រជុំនេះ គឺបានសម្រេចទៅលើបញ្ជីឈ្មោះ សមាសភាពគណៈរដ្ឋមន្ត្រីបម្រុង រួចស្រេចទៅហើយ។
ទោះយ៉ាងណាក៏ដោយសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សមាសភាពគណៈរដ្ឋមន្ត្រីបម្រុងនេះ មិនមែនចាប់ផ្ដើមបំពេញការងារនៅក្នុងឆ្នាំ២០២៣ខាងមុខនេះនោះទេ ពីព្រោះនៅឆ្នាំ២០២៣ សម្ដេចតេជោ នៅតែជាបេក្ខជននាយករដ្ឋមន្ត្រីដដែល៕