គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្ដែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះបរមរតនកោដ្ឋ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្ដែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះបរមរតនកោដ្ឋ សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្ដែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះបរមរតនកោដ្ឋ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៥តុលានេះ បានរម្លឹកពីការយាងសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ និងបានបញ្ជាក់ថា ប្រជារាស្ត្រខ្មែរគោរពដឹងគុណជានិច្ច ចំពោះស្នាព្រះហស្ថព្រះបរមរនតកោដ្ឋ ចំពោះជាតិមាតុភូមិ។

    តាមរយៈហ្វេសប៊ុកនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន​ សែន បាន​រំលឹកនូវថ្ងៃបាត់បង់ដ៏សោកសៅរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកាលពី៩ឆ្នាំមុន ដោយការបាត់បង់នូវមហាវីរក្សត្សដ៏អង់អាច។ សម្តេចតេជោ បានគូសបញ្ជាក់ថា ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ គោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។

    សម្ដេចតេជោ​ បានសរសេរយ៉ាងដូច្នេះ «ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ គឺជាថ្ងៃគម្រប់ខួប ៩ឆ្នាំ ដែលសម្តេចឪុ, សម្តេចតា, សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះអង្គបានសោយទិវង្គត នៅទីក្រុងប៉េកាំងប្រទេសចិន ។

    នៅថ្ងៃនេះ ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។

    កូនចៅប្រជារាស្រ្តទូទាំងប្រទេស និងមន្រ្តីរាជការ សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ឋព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕»

    សូមរម្លឹកថា ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានយាងសោយទិវង្គតនៅរដ្ឋធានីប៉េកាំង ប្រទេសចិន កាលពីវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។ ប្រជាពលរដ្ឋខ្មែរទូទាំងនគរ បានបង្ហាញក្តីវិយោគ ស្រណោះស្រណោកពន់ពេកក្រៃ ចំពោះការបាត់បង់អង្គព្រះមហាវីរៈក្សត្រ ដែលបានបន្សល់នូវស្នាព្រះហស្ថ ដ៏ច្រើនសម្រាប់ជាតិកម្ពុជា។

    ព្រះអង្គ គឺជាតួអង្គ និងជាសាក្សីដ៏សំខាន់មួយក្នុងប្រវត្តិសាស្រ្តខ្មែរសម័យទំនើប ក្រោយពីឡើងសោយរាជ្យនៅឆ្នាំ១៩៤១ ព្រះអង្គបាន តស៊ូទាមទារឯករាជ្យពីបារាំង រហូតបានសម្រេច នៅឆ្នាំ ១៩៥៣។ ២ឆ្នាំក្រោយមកព្រះអង្គទ្រង់បានដាក់រាជ្យថ្វាយ ព្រះបិតា របស់ទ្រង់គឺព្រះបាទនរោត្តម សុរាម្រិត នៅខែមេសា ឆ្នាំ ១៩៥៥ ដើម្បីបំពេញបេសកកម្មនយោបាយ គឺការ បង្កើត និងដឹកនាំចលនា «សង្គមរាស្រ្តនិយម»។

    នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ព្រះអង្គបានឡើងគ្រងរាជ្យម្តងទៀត ក៏ប៉ុន្តែ ការគ្រងរាជ្យជាលើកទីពីរនេះ គឺធ្វើឡើងក្នុងក្របខ័ណ្ឌនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រទី២ គឺ ព្រះមហាក្សត្រទ្រង់គ្រងរាជ្យ តែមិនកាន់អំណាច។ សោយរាជ្យបានរយៈពេល ១១ឆ្នាំព្រះអង្គក៏បានប្រកាសដាក់ពាក្យសារជាថ្មីម្តងទៀត នៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០០៤ ទៅឲ្យព្រះបាទនរោត្តមសីហមុនី៕

    អត្ថបទទាក់ទង