ប្រមុខការពារជាតិកម្ពុជាបញ្ជាក់ជាថ្មីថា កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងការកសាងទំនើបកម្មកងទ័ពនៅក្នុងមូលដ្ឋានសមុទ្ររាម

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងការកសាងទំនើបកម្មនៅក្នុងមូលដ្ឋានសមុទ្ររាម ខណៈប្រទេសខ្លះ បានចោទប្រកាន់ម្តងហើយម្តងទៀតបែបផ្សេងៗនោះ គឺជាចេតនាអាក្រក់មកលើកម្ពុជាតែប៉ុណ្ណោះ។
ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីចូលរួមពិធីប្រគល់ និងទទួលរថយន្ត ១៥០គ្រឿង និងសម្ភារៈជាច្រើនទៀត ជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិចិន ជូនក្រសួងការពារជាតិកម្ពុជា នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ការកសាងទំនើបកម្មសមុទ្ររាមនេះគឺដើម្បីបង្កើនសមត្ថភាពរបស់កងទ័ពជើងទឹកកម្ពុជាឲ្យកាន់តែរីកចំរើនបន្ថែមទៀត តែប៉ុណ្ណោះ ហើយការចោទប្រកាន់ថាកន្លែងនេះសម្រាប់ដាក់មូលដ្ឋានកងទ័ពចិននោះ គឺជាការញុះញង់បង្កើតបញ្ហាដល់កម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាបានពន្យល់ម្តងហើយម្តងទៀតយ៉ាងណាក៏ពួកគេមិនស្តាប់ដែរដោយសារតែពួកគេភ្នែកនៅល្អ តែធ្វើជាខ្វាក់។
សម្តេចពិជ័យសេនាទៀ បាញ់ បានបញ្ជាក់បន្ថែមទៀតថា ការកសាងនូវមូលដ្ឋានសមុទ្ររាមនេះ គឺដើម្បីការពារអធិបតេយ្យកម្ពុជា បូរណភាពទឹកដីកម្ពុជា បង្កើនសមត្ថភាពកងទ័ពកម្ពុជា ខណៈគម្រោងការ កសាងនេះបានត្រៀមយូរណាស់មកហើយប៉ុន្តែទើបធ្វើយ៉ាងសកម្មក្នុងរយៈពេលចុងក្រោយនេះ ដោយសារតែតម្រូវការចាំបាច់។
សូមបញ្ជាក់ថា បញ្ហាសមុទ្ររាមនេះ ត្រូវបានសហរដ្ឋអាមេរិកធ្វើការចោទប្រកាន់ដល់កម្ពុជាដោយគ្មានហេតុផលច្បាស់លាស់ម្តងហើយម្តងទៀតថា កម្ពុជាកសាងទំនើបកម្មនៅមូលដ្ឋានសមុទ្ររាមនេះគឺដើម្បីដាក់មូលដ្ឋានកងទ័ពរបស់ចិន ខណៈការកសាងនេះគឺដោយសារតែជាជំនួយរបស់ចិននោះ។ យ៉ាងណាក៏ដោយកម្ពុជាមិនបានខ្វល់ ចំពោះការចោទប្រកាន់ទាំងនោះឡើយ ដោយសារតែការកសាងនេះ គឺដើម្បីផលប្រយោជន៍របស់កម្ពុជា និងដើម្បីការពារដែនសមុទ្រ ដែនអធិបតេយ្យរបស់កម្ពុជាតែប៉ុណ្ណោះ៕ BTVNews