សម្ដេចតេជោ ហ៊ុន សែន ប្រកាសផ្ដល់ថវិកាលើកទឹកចិត្តចំនួន ១០លានរៀល ដល់អ្នកចាក់វ៉ាក់សាំងទី២លាន
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជានៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេចបានផ្ដល់ថវិកាលើកទឹកចិត្ត ដល់អ្នកបានចាក់វ៉ាក់សាំងទី២លាន ចំនួន ១០លានរៀល ដែលបានទៅកម្មការិនីរោងចក្រឈ្មោះ ទិត ចិន្តា អាយុ២៣ឆ្នាំ។
នេះជាលើកទី២ ដែលសម្ដេចតេជោ បានផ្ដល់ថវិកាលើកទឹកចិត្តដល់អ្នកដែលបានទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលើកទី១ បានទៅលើលោក ប៉ាន់ សុវណ្ណរិទ្ធិ ចំនួន ១០លានរៀលដែរនោះ។
សម្ដេចតេជោ បានសរសេរតាមរយៈហ្វេសប៊ុកដូច្នេះថា «បន្ទាប់ពីការចាប់ផ្តើមចាក់វ៉ាក់សាំងថ្ងៃ១០ ខែ កុម្ភៈ ២០២១ ដែលម្ជុលទី១បានទៅ ហ៊ុន ម៉ាណែត។
ថ្ងៃ១១ ខែ មេសា ២០២១ យើងបានរកឃើញមនុស្សទី១លានដែលបានចាក់វ៉ាក់សាំងដែលបានទៅក្មួយ ប៉ាន់ សុវណ្ណរិទ្ធិ ដែលទទួលបានរង្វាន់១០លានរៀលផងដែរ។
ថ្ងៃនេះ១៤ ខែ ឧសភា ២០២១ យើងរកឃើញមនុស្សទី២លាន ដែលបានទៅក្មួយស្រី ទិត ចិន្តា អាយុ ២៣ឆ្នាំ ជាកម្មការរិនីរោងចក្រដែលនឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួនទឹកប្រាក់១០លានរៀលទៀត។ សូមក្មួយស្រី ទិត ចិតា្តទទួលយករង្វាន់ពី លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចលើការចាក់វ៉ាក់សាំង។
ក្នុងយុទ្ធសាស្ត្រពន្លត់ភ្លើង ល្អជាងអង្គុយបក់ផ្សែង យើងគ្មានជម្រើសណាអោយល្អជាងការខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជនយើងនោះទេ។ ការឆ្លងក្នុងសហគមន៍ម្តងហើយម្តងទៀតនៅស្ទើរគ្រប់ប្រទេសតម្រូវអោយយើងខិតខំរកវិធីទប់ស្កាត់ការឆ្លងនិងការបាត់បង់ជីវិតប្រជាជនយើងតាមរយៈការចាក់វ៉ាក់សាំង។
ក្នុងចំណោមប្រជាជនទាំងចាស់ទាំងក្មេង១៦លាននាក់ មានប្រជាជនដែលមានអាយុ១៨ឆ្នាំឡើងដែលនឹងត្រូវចាក់វ៉ាក់សាំងតែ១០លាននាក់ប៉ុណ្ណោះដែលថ្ងៃនេះយើងចាក់បាន២លាននាក់
ស្មើរនឹង២០ភាគរយរួចទៅហើយ។ ការចាក់វ៉ាក់សាំងនេះយើងក៏បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រផ្ការីក គឺចាក់ពីក្នុងចេញក្រៅ គឺចាក់នៅរាជធានីភ្នំពេញដែលមានមនុស្សរស់នៅកុះករជាមុន បន្ទាប់ទៅនឹងចេញទៅបណ្តាខេត្តទៅតាមលំដាប់អាទិភាព។
សូមបងប្អូនកុំបារម្ភ រាជរដ្ឋាភិបាលនឹងចាក់ជូនគ្រប់ៗគ្នាគ្រាន់តែមុននិងក្រោយប៉ុណ្ណោះ៕»