សម្ដេចតេជោ ហ៊ុន សែន ដាក់ចេញវិធានកែទម្រង់មុតស្រួច ៣ចំណុច ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ នៅកម្ពុជា
ភ្នំពេញ៖ ក្នុងពិធីបើកសម្ពោធពិព័រណ៍ចិន-អាស៊ាន លើកទី១៧ ឆ្នាំ ២០២០ តាមរយៈប្រព័ន្ធវីដេអូ នៅវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាលើកឡើងថា រដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាបន្តបន្ទាប់ ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ នៅកម្ពុជា។
សម្តេចបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងលើកកម្ពស់ការធ្វើឌីជីថលូបនីយកម្ម ទាំងក្នុងវិស័យផលិតកម្ម, ឧស្សាហកម្ម, សេវាកម្ម និងរដ្ឋាភិបាលឌីជីថល (Digital Government) ។ កម្ពុជានឹងដាក់ចេញនូវ ក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល នាពេលឆាប់ៗខាងមុខនេះ ។
សម្ដេចតេជោបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាបន្តបន្ទាប់ ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ រួមមាន៖
១.ការដាក់ឱ្យអនុវត្តនូវថ្នាលចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយចំណាយពេលតែ ០៨ ថ្ងៃប៉ុណ្ណោះ ក្នុងការបើកក្រុមហ៊ុនអាជីវកម្ម
២.បានចុះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលនឹងចូលជាធរមានចាប់ថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២១
៣.ការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាដើម
សម្ដេចតេជោ ហ៊ុន សែន បន្តទៀតថា កម្ពុជានឹងដាក់ចេញ ច្បាប់វិនិយោគថ្មី ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានភាពទាក់ទាញ តាមរយៈការផ្ដល់ការលើកទឹកចិត្តជាកញ្ចប់ដល់ការវិនិយោគ លើឧស្សាហកម្មប្រភេទអេឡិចត្រូនិក, បង្គុំ, កសិ-ឧស្សាហកម្ម, គ្រឿងបន្លាស់, បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ។ល។
សម្តេចតេជោបានបញ្ជាក់ថា ជាការពិតណាស់ ការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្កជាវិបត្តិដ៏ធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុន មកលើសេដ្ឋកិច្ច និងសង្គម ។ យ៉ាងណាមិញ វិបត្តិនេះក៏បានបង្ហាញកាន់តែច្បាស់ នូវភាពចាំបាច់កាន់តែខ្លាំង ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ ពហុភាគីនិយម និងការពង្រឹងកិច្ចសហប្រតិបតិ្តការអន្តរជាតិ, ដោយម្ខាង ដើម្បីអាចឱ្យជីវិតសង្គមយើង មានលទ្ធភាពសម្របទៅនឹង ប្រក្រតីកម្មថ្មី (New Normal) និងចូលរួម ចំណែកដោះស្រាយបញ្ហាប្រឈមចំពោះមុខ និងម្ខាងទៀត ដើម្បីលើកកម្ពស់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយភាពធន់ និងចីរភាព។ ទន្ទឹមនេះដែរ វិបត្តិក៏បានរំលេចឱ្យឃើញកាន់តែច្បាស់នូវភាពចាំបាច់ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឌីជីថល៕