សម្តេចតេជោ ហ៊ុន សែន កំណត់យកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ មិថុនា ២០២២
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការប្រកាសកាលបរិច្ឆេទ នៃការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដោយកំណត់យកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។
តាមរយៈហ្វេសប៊ុកផ្លូវការ សម្តេចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផុសនូវខ្លឹមសារ នៃសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការប្រកាសកាលបរិច្ឆេទ នៃការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កំណត់យកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដើម្បីជាការជូនដំណឹងជាមុនសំដៅអោយមានការត្រៀមលក្ខណៈសម្បត្តិអោយបានល្អ និងឈានទៅធ្វើការបោះឆ្នោតអោយបានត្រឹមត្រូវដំណើរការល្អប្រសើរ ដោយតម្លាភាព ប្រជាធិបតេយ្យ សេរី យុត្តិធម៌ដែលអាចទទួលយកបាន។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់គឺជាការបោះឆ្នោតសកលដូចការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រផងដែរ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ គឺប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧ ដោយឡែកសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ឆ្នាំ២០២២ ត្រូវបានកំណត់យកថ្ងៃអាទិត្យទី៥ខែមិថុនា៕