ស្ថាប័នជាតិនានា អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ
ភ្នំពេញ ៖ ថ្ងៃទី១៥ខែតុលាឆ្នាំ២០២០ នេះ គឺជាខួប៨ឆ្នាំនៃការយាងសោយទិវង្គត ព្រះករុណាព្រះបរមរតនកោដ្ឋ ហើយដើម្បីតបស្នងចំពោះព្រះគុណូបការៈដ៏ឧត្ដុង្គឧត្ដម របស់ព្រះអង្គថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៃស្ថាប័ននានាសរុបចំនួន៥៦ ស្ថាប័ន អង្គភាពបានអញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គនៅមណ្ឌបព្រះបរមរូប ក្បែរវិមានឯករាជ្យគម្រប់៨ឆ្នាំ នៃការសោយព្រះទិវង្គតរបស់ព្រះអង្គ។
ការយាងសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ប្រៀបដូចជា ស្បៃអន្ធការដែលបាន ចូលមកគ្របដណ្តប់ លើផែនពសុធាដ៏ស្រស់បំព្រង នៃដែនសីមារបស់កម្ពុជាពោលគឺប្រជាពលរាស្ត្រខ្មែរទូទាំងប្រទេស បានបង្ហាញសេចក្តី សោក ស្តាយស្រណោះអាឡោះអាល័យ ជាពន់ពេក ចំពោះការបាត់បង់អង្គព្រះមហាក្សត្រ ដែលបានបន្សល់ទុក នូវស្នាព្រះហស្ត ដ៏ច្រើនសម្រាប់ជាតិមាតុភូមិកម្ពុជា។
ស្នាព្រះហស្តធំៗដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ នៅតែចងចាំជាប់មិនអាចបំភ្លេចបាននោះគឺការយាងបំពេញព្រះរាជបូជនីយកិច្ច យ៉ាងអង់អាចក្លាហានក្នុងការទាមទារ និងដណ្តើមសិទ្ធិសេរីភាព ជូនប្រជាពលរដ្ឋខ្មែរ ពីនឹមអនាគមបារាំងរហូតទទួលបានជោគជ័យនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។
ក្រោយការទាមទារឯករាជ្យពីបារាំង បានជោគជ័យហើយការបំពេញព្រះរាជកិច្ចដឹកនាំប្រទេស ក្នុងសម័យសង្គមរាស្ត្រនិយម (១៩៥៣–១៩៧០) ក៏បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្ញប់ស្ញែង និងចងចាំមិនអាចបំភ្លេចបានចំពោះភាពរីកចម្រើន និងលិចធ្លោររបស់ជាតិកម្ពុជា។
ក្រោមការដឹកនាំរបស់ព្រះមហាវីរក្សត្រព្រះបាទ នរោត្ដម សីហនុ ជាព្រះប្រមុខរដ្ឋរបបសង្គមរាស្ត្រនិយម ត្រូវបានចាត់ទុកថាជា «គុជអាស៊ី» ដោយ សារ មានការរីកចម្រើនលើគ្រប់វិស័យ។ ព្រះបរមរតនកោដ្ឋ ត្រូវបានប្រជារាស្ត្រខ្មែរចាត់ទុកជាអង្គព្រះមហាវីរក្សត្រ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គ។
គំរូវីរភាពដ៏អង់អាចក្លាហាន ក្នុងការទាមទារឯករាជ្យពីបារាំង និងស្នាព្រះហស្តដឹកនាំកសាងសង្គមកម្ពុជា ក្នុងសម័យសង្គមរាស្ត្រនិយមឲ្យល្បីរន្ទឺនៅអាស៊ីនោះហើយ គឺជាការសាងនូវភាពល្បីល្បាញ ចងចាំបេះដូងរាស្ត្រខ្មែរគ្មានថ្ងៃបំភ្លេចបាន ។ បើទោះបីព្រះកាយរបស់ព្រះអង្គ បានរសាត់បាត់ពីភពផែនដី តែព្រះកិត្តិនាមរបស់ព្រះអង្គ នៅតែបន្តក្រអូប ឈ្ងុយឈ្ងប់ក្រាលគ្រប លើផែនពសុធា។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ។ ទ្រង់យាងចូលទិវង្គតនៅថ្ងៃចន្ទ ទី១៥ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ១៖២០នាទីយប់ នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ ក្នុងជន្មាយុ ៩០ព្រះវស្សា៕ ប្រភព៖ BTVNews