សម្តេចតេជោ ហ៊ុន សែន៖ អបអរសាទរខួប៤ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ញើសារអបអរសាទរខួប ៤ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (០៨កក្កដា២០១៧ – ០៨កក្កដា២០២១)។
តាមរយៈហ្វេសប៊ុកផ្លូវការសម្ដេចតេជោបានសរសេរថា «នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ ជាខួប៤ឆ្នាំហើយ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០២១)។ ការដាក់សម្បត្តិវប្បធម៌ និងប្រាសាទបុរាណទាំងនេះ មិនត្រឹមតែទទួលបានការគាំពារជាអន្តរជាតិនោះទេ តែក៏បានជួយផ្សព្វផ្សាយសម្បត្តិវប្បធម៌ និងប្រាសាទបុរាណរបស់ខ្មែរទៅកាន់ឆាកអន្តរជាតិផងដែរ។ ក្រោយចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌ ពិភពលោក ប្រាសាទសំបូរព្រៃគុក បានក្លាយជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏ទាក់ទាញមួយផងដែរ។»
សម្ដេចតេជោបានអំពាវនាវឲ្យពលរដ្ឋគ្រប់រូបចូលរួមថែរក្សាការពារប្រាសាទបូរាណទាំងអស់នៅទូទាំងប្រទេសឲ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ៗជំនាន់។
សូមរម្លឹកថា គ្រប់ប្រាសាទនានារបស់ខ្មែរក៏ជាសក្តានុពលដ៏ទាក់ទាញដល់វិស័យទេសចរណ៍កម្ពុជាដែលវិស័យទេសចរណ៍ត្រូវរាជរដ្ឋាភិបាលចាត់ទុកជា“ មាសបៃតង” បានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតាមរយៈការបង្កើតការងារជាច្រើនសម្រាប់ប្រជាជនកម្ពុជាការផ្តល់ប្រាក់ចំណូលខ្ពស់សម្រាប់ប្រទេសជាតិការលើកទឹកចិត្តនៃការវិនិយោគនិងការកាត់បន្ថយផលប៉ះពាល់របស់ពួកគេហើយ លើសពីនេះទៀតវិស័យទេសចរណ៍ក៏បានចូលរួមចំណែកយ៉ាងច្រើន ដល់ការការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ និងធម្មជាតិរបស់កម្ពុជាផងដែរ។
តំបន់ប្រាសាទសំបូរព្រៃគុកមានទីតាំងស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំនិង មានចម្ងាយ៣៥ គីឡូម៉ែត្រពីទីរួមខេត្តឬ ២០៦ គីឡូម៉ែត្រខាងជើងរាជធានីភ្នំពេញ។ តំបន់នេះគ្របដណ្តប់លើផ្ទៃដី ២៥ គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុងតំបន់ទំនាបដែលមានទន្លេទឹកហូរវាលភក់ទំនប់វារីអគ្គិសនីនិងអាងស្តុកទឹកដែលមានដំណាំកសិកម្ម។ តំបន់សំបូរព្រៃគុកត្រូវបានគេស្គាល់ថា“ ឥសានបុរៈ” ដែលជារាជធានីនៃនគរចេនឡារវាងចុងសតវត្សទី ៦ និងដើមសតវត្សរ៍ទី ៧ ។ ប្រាសាទសំបូរព្រៃគុកត្រូវបានរាជរដ្ឋាភិបាលចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាសម្បត្តិបេតិកភណ្ឌរូបី នៅថ្ងៃទី ៨ខែកក្កដាឆ្នាំ២០១៧៕