គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២​ |
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ

    នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តបន្ទាយមានជ័យ ចំនួន ១១០៧ នាក់។បន្ទាប់ពីរបាយការណ៍របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អំពីស្ថានភាពនៃកិច្ចការអភិវឌ្ឍន៍នៅក្នុងខេត្តរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាល ជាមួយបងប្អូនមន្ត្រីរាជការនៃខេត្តបន្ទាយមានជ័យ ក្នុងខ្លឹមសារសំខាន់ៗដូចខាងក្រោម៖

    សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរពាក់ព័ន្ធទាំងអស់នៃខេត្តបន្ទាយមានជ័យ ដែលបានខិតខំបម្រើការងារអភិវឌ្ឍន៍ខេត្តនិងទាក់ទាញការវិនិយោគថ្មីៗជាបន្តបន្ទាប់។

    សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងដោយក្តីមោទនភាពចំពោះភាពជោគជ័យនៃការទប់ស្កាត់ជំងឺកូវិដ-១៩ របស់ប្រទេសកម្ពុជាតាមរយ:ការដាក់ចេញនូវយុទ្ធសាស្ត្រចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព ដែលធ្វើអោយយើងមានឱកាសបើកដំណើរប្រទេសជាតិឡើងវិញតាមគន្លងប្រក្រតីភាពថ្មី។

    សម្តេចតេជោបានរំលឹកថានៅពេលយើងកំពុងប្រយុទ្ធប្រឆាំងកូវីដ-១៩ មានប្រទេសមួយចំនួនបានមើលស្រាលវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជាយើង ក៏ប៉ុន្តែពេលនេះ កម្ពុជាបានក្លាយទៅជាប្រទេសឈានមុខគេក្នុងការទប់ស្អាត់ជំងឺឆ្លងកូវីដ-១៩។ ទាំងអស់នេះដោយសារតែការខិតខំរបស់ប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់គ្នា ក្នុងការទប់ស្កាត់ការចំលងនៃជំងឺកូវីដ-១៩នេះ។

    សម្តេចតេជោបានមានប្រសាសន៍ប្រាប់ទៅដល់មន្ត្រីរាជការទាំងអស់ពីការទទួលខុសត្រូវរបស់កម្ពុជាក្នុងនាមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំនេះ ដែលកិច្ចប្រជុំនេះនឹងមានការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំពិភពលោកសំខាន់ៗចូលរួមផងដែរ។ ជាមួយគ្នានោះ សម្តេចតេជោបានសង្កត់ធ្ងន់ថា ភាពជោគជ័យនៃការទប់ស្កាត់កូវីដ-១៩នេះហើយ ដែលធ្វើអោយកម្ពុជាយើងអាចទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដ៏ទៃទៀតក្នុងខែវិច្ឆិកាខាងមុខនេះ។

    សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកដល់មន្រ្តីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរកម្ម ប្លន់ ការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ និងការប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ។ទន្ទឹមនេះត្រូវយកចិត្តទុកដាក់ការផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានាជូនប្រជាពលរដ្ឋ អោយបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ ជាមួយគ្នានោះផងដែរ សម្តេចតេជោក៏សុំអោយអាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការអោយបានច្រើន ដោយមិនត្រូវលំអៀងខាងភាគីណានោះទេត្រូវឈរនៅកណ្ដាល ដើម្បីបម្រើផលប្រយោជន៍ទាំងសងខាង។
    សម្ដេចតេជោក៏សុំឲ្យអាជ្ញាធរកងកម្លាំងប្រដាប់អាវុធត្រូវមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងដែលស្ថិតជាប់នឹងខេត្តរបស់ខ្លួនដូចជាប្រទេសថៃ ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្ដិការ ជាពិសេសពង្រឹងលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសជិតខាងអោយបានល្អប្រសើរ។

    សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានរួមសហការគ្នា អភិវឌ្ឍ ខេត្តបន្ទាយមានជ័យអោយកាន់តែរីកលូតលាស់រីកចមម្រើនទៅមុខទៀត។ សម្តេចតេជោបានសង្កេត់ធ្ងន់ថា កិច្ចការដែលសម្រេចទៅបាននាពេលកន្លងមកនេះ គឺអាស្រ័យ ដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ដោយមានការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិយើង៕

    អត្ថបទទាក់ទង