គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

        សម្ដេចតេជោ ហ៊ុន​ សែន​​ រៀបចំពិធីទទួលទានអាហារការងារពេលព្រឹកជូនឯកឧត្ដមប្រធានរដ្ឋវៀតណាម

        ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១​ |
        សម្ដេចតេជោ ហ៊ុន​ សែន​​ រៀបចំពិធីទទួលទានអាហារការងារពេលព្រឹកជូនឯកឧត្ដមប្រធានរដ្ឋវៀតណាម សម្ដេចតេជោ ហ៊ុន​ សែន​​ រៀបចំពិធីទទួលទានអាហារការងារពេលព្រឹកជូនឯកឧត្ដមប្រធានរដ្ឋវៀតណាម

        ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ធ្នូនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីទទួលទានអាហារពេលព្រឹកការងារជាមហាកិត្តិយស ដ៏ខ្ពង់ខ្ពស់បំផុត ជូនឯកឧត្តម ង្វៀន សួនហ៊្វុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាថ្ងៃទី២ នៃការបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តមប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់ នៅព្រះរាជាណាចក្រកម្ពុជា។

        សម្តេចបាន មានប្រសាសន៍សំដែង នូវការស្វាគមន៍យ៉ាងសិទ្ធស្នាលរ៉ាក់ទាក់ ជូនចំពោះឯកឧត្តមប្រធានរដ្ឋវៀតណាម ដែលបានផ្តល់នូវមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត អញ្ជើញមកទទួលទានអាហារការងារពេលព្រឹក ដល់ភូមិគ្រឹៈរបស់សម្តេច។ សម្តេចតេជោបានសំដែងនូវការសោកស្តាយ ដែលភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនមានវត្តមានអញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារពេលព្រឹកនេះ ដោយសាតែភរិយារបស់សម្តេចមានបញ្ហាសុខភាពបន្តិចបន្តួច ប៉ុន្តែមានវត្តមានកូនប្រុសទាំងបីរបស់សម្តេច គឺឯកឧត្តម ហ៊ុន ម៉ាណែត ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម ហ៊ុន ម៉ានី។

        នៅក្នុងពិធីទទួលទានអាសហារពេលព្រឹក ជាលក្ខណៈគ្រួសារដែលបានចំណាយពេលប្រមាណ ១ម៉ោង សម្តេចតេជោនាយករដ្ឋមន្រ្តី និង ឯកឧត្តមប្រធានរដ្ឋវៀតណាម បានធ្វើការផ្លាស់ប្តូរយោបល់ពីគ្នាទៅវិញទៅមក ជុំវិញការងារ មួយចំនួនដែលសម្តេច និងឯកឧត្តមប្រធានរដ្ឋ ធ្លាប់បានធ្វើការជាមួយគ្នា ក្នុងនាមជាប្រមុខរដ្ឋាភិបាល ការជួបជុំជាលក្ខណៈគ្រួសារ និងការដោះស្រាយបញ្ហាធំៗជាច្រើន ដែលបម្រើផលប្រយោជន៍ឲ្យប្រទេស និងប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ពិសេសការខិតខំជំរុញកំណើនសេដ្ឋកិច្ច នៃប្រទេសទាំងពីរឲ្យកាន់តែមានទំហំឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។

        នៅក្នុងជំនួបអាហារការងារពេលព្រឹកនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និង ឯកឧត្តមប្រធានរដ្ឋវៀតណាម បានសំដែងនូវការវាយតម្លៃខ្ពស់សាជាថ្មីម្តងទៀត ចំពោះលទ្ធផលនៃដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ជាលើកដំបូងរបស់ឯកឧត្តម ង្វៀន សួនហ៊្វុក មកកាន់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីឯកឧត្តមត្រូវបានជ្រើសតាំងជាប្រធានរដ្ឋវៀតណាម កាលពីពេលថ្មីកន្លងទៅ។

        ក្នុងជំនួប នោះដែរ ឯកឧត្តម ង្វៀន សួនហ្វុក បានសាទរចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រនិងសំខាន់ៗ ដែលព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា សម្រេចបាន ជាពិសេសការអភិវឌ្ឍជាតិ ស្ថិរភាពនយោបាយសង្គម លើកកម្ពស់តួនាទី និងមុខមាត់របស់ប្រទេសកម្ពុជា នៅក្នុងតំបន់និងនៅលើឆាកអន្តរជាតិ។ ជាមួយនោះដែរ ភាគីទាំងពីរ បានសំដែងនូវការពេញចិត្ត ចំពោះការរីកចំរើនទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយគ្រប់ជ្រុងជ្រោយ និងជិតស្និទ្ធ នឹងកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ក្នុងរយៈពេល ៥៥ឆ្នាំកន្លងមក ទោះ បីជាស្ថិតនៅក្នុងបរិបទការរីករាលដាលនៃជំងឺកូវីដក៏ដោយក្ដី។ ភាគីទាំងពីរក៏បានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ និងបានឯកភាពគ្នាជំរុញការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការលើកកម្ពស់ និងការការពារវិនិយោគ និងកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា និងជួយសម្រួលដល់ការអភិវឌ្ឍន៍ពាណិជ្ជកម្ម តាមបែបថ្មី និងបានព្រមព្រៀងគ្នា ជំរុញការរៀបចំផែនការមេ ស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម។ ភាគទីទាំងពីរ ក៏បានឯកភាព ក្នុងការពន្លឿនការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មតាមព្រំដែន។ ភាគីទាំងពីរ ក៏បានឯកភាពគ្នាថែមទៀត ក្នុងការពន្លឿនកិច្ចពិភាក្សា ឆ្ពោះទៅកាន់ការទទួលស្គាល់គ្នាទៅវិញទៅមកលើលិខិតឆ្លងដែន វិញ្ញាបនបត្របញ្ជាក់វ៉ាក់សាំង ដើម្បីសម្រួលលើការធ្វើដំណើររបស់ប្រជាជនទាំងសងខាងផង សម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រជាជន និងប្រទេសទាំងពីរផង។លើសពីនោះទៀត ភាគីទាំងពីរ ក៏បានឯកភាពក្នុងការជំរុញ និងពង្រឹងលើកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វិស័យសុខាភិបាល វិស័យអប់រំ វិស័យយុត្តិធម៌ និងការតភ្ជាប់គ្នារវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការនៅលើឆាកអន្តរជាតិ និងក្នុងតំបន់ ។ នៅក្នុងជំនួបនេះ សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះឯកឧត្តម ង្វៀន សួនហ្វុក ដែលកន្លងមក បានគាំទ្រដល់កម្ពុជា ធ្វើឲ្យកម្ពុជាទទួលបានជោគជ័យក្នុងកិច្ចប្រជុំអាស៊ឹម ហើយក៏សូមថ្លែងអំណរគុណជូនចំពោះឯកឧត្តម ង្វៀន សួនហ្វុក ដែលបានមានប្រសាសន៍ថា នឹងគាំទ្រកម្ពុជា ធ្វើយ៉ាងណាឱ្យកម្ពុជា ទទួលបានជោគជ័យក្នុងកិច្ចប្រជុំអាស៊ាននាពេលខាងមុខ ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន៕

        ពាក្យគន្លឹះទាក់ទង
        អត្ថបទទាក់ទង