សម្ដេចតេជោ ហ៊ុន សែន និងមេដឹកនាំប្រទេសអាស៊ាន ត្រូវបានទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅបំផុតដោយលោក Joh Biden

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក រួមនឹងមេដឹកនាំអាស៊ានទាំងអស់ ត្រូវបានទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅបំផុតដោយលោក Joh Biden ប្រធានាធិបតីសហរដ្ឋអាមេរិក ។ ពិធីទទួលស្វាគមន៍ ដោយមានរៀបចំទទួលទានអាហាររួមគ្នានៅក្នុងសេតវិមាន(White House) ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន)។
តាមរយៈវីដេអូ និងរូបភាព ដែលបានផ្សព្វផ្សាយលើបណ្តាញផ្សព្វផ្សាយនានលើពិភពលោក គេបានឃើញលោកប្រធានាធិបតី ចូ បៃដិន បង្ហាញនូវកាយវិការប្រកបដោយភាពរាក់ទាក់ និងស្និទ្ធស្នាលបំផុត ចំពោះវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាសហប្រធាន នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ក៏ដូចជាសមាជិកអាស៊ានដទៃទៀត។
តាមការគ្រោងទុកលោកប្រធានាធិបតីអាមេរិក រួមជាមួយសម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ។