គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សារលិខិតសម្ដេចតេជោ​ ហ៊ុន​ សែន​ ក្នុងឱកាសខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២១

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១​ |
    សារលិខិតសម្ដេចតេជោ​ ហ៊ុន​ សែន​ ក្នុងឱកាសខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២១ សារលិខិតសម្ដេចតេជោ​ ហ៊ុន​ សែន​ ក្នុងឱកាសខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២១

    ភ្នំពេញ​៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានចេញសារលិខិត ក្នុងឱកាសខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២១។

    ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ គឺជាទិវាប្រវត្តិសាស្ត្រ ប្រកបដោយមោទនភាពបំផុត ដែលបងប្អូនអតីតយុទ្ធជន និង ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា បានប្រារព្ធខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា ដើម្បីរំឭកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហានៃយើង។

    ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិ របស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើង នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ គឺបានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់កម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

    សម្តេចតេជោបន្តថា ក្នុងនាមរាជរដ្ឋាភិបាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្តេចសូមលំឱនកាយគោរព ចំពោះវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋកម្ពុជាដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន និងសូមផ្តាំផ្ញើនូវការសួរសុខទុក្ខ ប្រកបដោយក្តីស្រឡាញ់ ជូនចំពោះបងប្អូនអតីតយុទ្ធជនគ្រប់រូប និងគ្រប់ក្រុមគ្រួសាររបស់បងប្អូន ដែលបាននឹងកំពុងបន្តចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ៕

    អត្ថបទទាក់ទង