ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា មិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយ ដូចការឃោសនាអកុសលពួកមនុស្សអាក្រក់ឡើយ
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាក់យ៉ាងច្បាស់ថា មិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយ ដូចការឃោសនាអកុសលរបស់មនុស្សអាក្រក់មួយចំនួនបានលើកឡើងនោះទេ។
តាមរយៈហ្វេសប៊ុកផ្លូវការសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្មីៗនេះមានមនុស្សអាក្រក់មួយចំនួនបានបំផុសពាក្យចចាមអារាម ថារាជរដ្ឋាភិបាលនឹងបិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយ។ សម្ដេចតេជោបន្តថា ការឃោសនាអកុសលរបស់ពួកអាក្រក់ទាំងនេះសំដៅធ្វើឲ្យប្រទេសមានចលាចល ទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្ត ដើម្បីពួកគេគេងចំណេញខាងនយោបាយតែប៉ុណ្ណោះ។
សម្ដេចតេជោបានបង្ហាញថា បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩ នៅពេលនេះ គឺប្រជាជនគ្រប់រូបការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការពាក់ម៉ាស់ ការលាងដៃ ការមិនជួបជុំប្រមូលផ្តុំ ការរក្សាគម្លាតសុវត្ថិភាព។ល។
សម្ដេចតេជោបន្ថែមថា ម៉ាស់ក្រណាត់ចំនួន ២លានម៉ាស់ ដែលបានបញ្ចេញកាលពីម្សិលមិញនេះ បានជូនទៅសាលារាជធានីភ្នំពេញ ដើម្បីចែកជូនប្រជាជនក្រីក្រ ហើយនគរបាលចរាចរណ៍ក៏នឹងជូនម៉ាស់សម្រាប់អ្នកជិះកង់ ជិះម៉ូតូដែលមិនបានពាក់ម៉ាស់ផងដែរ។
សម្ដេចតេជោ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ពាក់ម៉ាស់ទាំងអស់គ្នា ដើម្បីយើងឈានទៅបញ្ចប់ព្រិត្តិការណ៍ ៣វិច្ឆកា ឲ្យបានឆាប់ដើម្បីនាំប្រទេសមកកាន់ភាពប្រក្រតីដូចមុនថ្ងៃ៣ វិច្ឆិកា ២០២០ វិញ។សម្រាប់បងប្អូនដែលបាននឹងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះត្រូវបន្តធ្វើឱ្យបានហ្មត់ចត់នឹងសូមអាជ្ញាធរមូលដ្ឋានតាមដានត្រួតពិនិត្យ និងជួយដោះស្រាយជីវភាពសម្រាប់គ្រួសារក្រីក្រដែលពួកគាត់មិនអាចចេញប្រកបរបររកស៊ីបានក្នុងពេលធ្វើចត្តាឡីស័ក។ ត្រូវផ្តល់ស្បៀងអាហារជូនពួកគាត់កុំអោយពួកគាត់ខ្វះស្បៀងអាហារក្នុងពេលធ្វើចត្តាឡីស័ក៕