គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន រម្លឹក​ពីប្រវត្តិនៃការយកជីវិតធ្វើដើមទុន​ ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន រម្លឹក​ពីប្រវត្តិនៃការយកជីវិតធ្វើដើមទុន​ ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត​ សម្ដេចតេជោ​ ហ៊ុន​ សែន រម្លឹក​ពីប្រវត្តិនៃការយកជីវិតធ្វើដើមទុន​ ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត​

    ភ្នំពេញ​៖ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នៅថ្ងៃទី​២០ មិថុនា​ ឆ្នាំ២០២១នេះ បាន​រម្លឹក​ពីប្រវត្តិ​នៃការតស៊ូ កាលពី៤៤ឆ្នាំមុន​ ក្នុងពេលដែលសម្ដេច​សម្រេច​ចិត្តដោយការឈឺចាប់យកជីវិត​ធ្វើជាដើមទុន​ ដើម្បី​តស៊ូរំដោះប្រជាជនកម្ពុជា​ចេញពីរបប​ប្រល័យពូជសាសន៍ ប៉ុល ពត​។

    តាមរយៈ​ហ្វេសប៊ុកផ្លូវការ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ បាន​សរសេរថា «ថ្ងៃទី២០ ខែមិថុនា គឺជាខួបលើកទី៤៤ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២១)នៃថ្ងៃដែល ខ្ញុំសម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ទោះបីពេលនេះខ្លួនខ្ញុំ និងប្រជាជនកម្ពុជាកំពុងទទួលបាននូវសេចក្តីសុខ តែខ្ញុំមិនដែលភ្លេចនូវទឹកភ្នែករាប់ម៉ឺន រាប់សែន ដំណក់ នៅពេលដែលខ្ញុំឈានជើងចេញពីមាតុភូមិចោលប្រជាជនកម្ពុជាដែលកំពុងរងគ្រោះ ពិសេសចាកចេញចោល ភរិយា ដ៏កំសត់ដែលកំពុងមានផ្ទៃពោះ។ ខ្ញុំអត់មានជម្រើសឲ្យល្អជាងនេះទេ ព្រោះយើងមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូត សព្វថ្ងៃនេះ។

    ខ្ញុំធ្លាប់បានរៀបរាប់ពីប្រវត្តិដ៏ឈឺចាប់នេះច្រើនដងហើយ តែខ្ញុំមិនទាន់បានបញ្ចេញនូវចម្ងល់ក្នុងចិត្តខ្ញុំទាក់ទងជាមួយប្រវត្តិនេះ ដែលតាំងជាសំនួរថា ប្រសិនបើខ្ញុំមិនសម្រេចចិត្តដឹកនាំការតស៊ូដោយចាប់ផ្តើមពីថ្ងៃ២០ មិថុនា ១៩៧៧ ទេតើពេលនោះពួក ប៉ុល ពត សម្លាប់ខ្ញុំនៅឯណា? ដោយវិធីណា?។ សំនួរបន្ទាប់តើមានអ្នកស្នេហាជាតិណាផ្សេងទៀតបង្កើតឡើងនូវកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្រ្គាះជាតិជំនួសខ្ញុំដែរឬទេ? តើដំណើរឆ្ពោះមករំដោះប្រទេសពីរបប ប៉ុល ពត កើតមានឡើងបានដោយរបៀបណា? តើមានដំណោះស្រាយតាមរយៈការចចារ និងកិច្ចព្រមព្រៀងប៉ារីសឬទេ? និងចុងក្រោយតើមាន

    នយោបាយ ឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្រ្គាមនាំមកនូវសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃឬទេ?

    សំនួរសង្ខេបទាំងនេះ តែងបង្កប់ក្នុងខួរក្បាលខ្ញុំជានិច្ច ហើយខ្ញុំក៏មិនអាចឆ្លើយជាមួយសំនួរនេះដោយខ្លួនឯងបានដែរ ខ្ញុំទុកជូនបងប្អូនជនរួមជាតិមេត្តាជួយរកចម្លើយ៕»

     

    អត្ថបទទាក់ទង