គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន​ សែន​ ដាក់ចេញការងារអាទិភាព ៤ចំណុច ដើម្បីឆ្លើយតបនឹងប្រធានបទ នៃទិវាជាតិទីក្រុងស្អាតឆ្នាំ២០២២

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២​ |
    សម្ដេចតេជោ ហ៊ុន​ សែន​ ដាក់ចេញការងារអាទិភាព ៤ចំណុច ដើម្បីឆ្លើយតបនឹងប្រធានបទ នៃទិវាជាតិទីក្រុងស្អាតឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន​ សែន​ ដាក់ចេញការងារអាទិភាព ៤ចំណុច ដើម្បីឆ្លើយតបនឹងប្រធានបទ នៃទិវាជាតិទីក្រុងស្អាតឆ្នាំ២០២២

    ភ្នំពេញ៖ តាមរយៈសារលិខិត សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា និងជា​ប្រធាន​កិត្តិយស នៃគណៈគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានដាក់​ចេញ​នូវ​ការងារ​ជា​អាទិភាព​​ចំនួន ៤ចំណុច ដើម្បីឆ្លើយតបទៅនឹងប្រធានបទ នៃទិវាជាតិទីក្រុងស្អាត ឆ្នាំ២០២២។

    ទិវា​ជាតិ​ទីក្រុងស្អាតឆ្នាំ២០២២នេះ គឺជាខួបឆ្នាំទី១០ ហើយត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “ទីក្រុង ស្អាត៖ គាំទ្រការបើកទេសចរណ៍កម្ពុជា” អមជាមួយការប្រកាសយុទ្ធនាការ “កម្ពុជាស្អាត” ឆ្ពោះទៅស្វាគមន៍ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្នុងគោលបំណង បង្ហាញឱ្យឃើញអំពីសារៈសំខាន់ នៃភាពស្អាតៗ ដែលត្រង់ចំណុចនេះ ស្អាតៗ សំដៅដល់ “ស្អាតដោយមានទេសភាពស្រស់ត្រកាល, ស្អាតដោយ ភាពប្រណិត, ស្អាតដោយ មានបរិស្ថានល្អប្រសើរ, ស្អាតដោយមានអនាម័យ, ស្អាតដោយមានសុវត្ថិភាព, ស្អាតដោយ មានគុណភាព និងស្អាតដោយមានឱជារសឆ្ងាញ់ពិសារ”

    ដើម្បីឆ្លើយតបនឹងប្រធានបទនៃទិវាជាតិទីក្រុងស្អាតឆ្នាំ២០២២ នេះ ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចតេជោ បានដាក់ចេញនូវការងារអាទិភាពដូចខាងក្រោម ៖

    ទី១- គ្រប់ស្ថាប័នពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនត្រូវបន្តចូលរួមអនុវត្ត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់លើវិធាន ឬបទដ្ឋានគតិយុត្តដែលបានដាក់ចេញរួមមាន៖ “វិធានសុវត្ថិភាព ទេសចរណ៍” “នីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា(SOP) សម្រាប់សេវាកម្ម​ទេសចរណ៍” ស្របតាមគន្លង ប្រក្រតីភាពថ្មី និងវិធានការនានា​របស់រាជរដ្ឋាភិបាល ដើម្បីបន្តចូលរួម​ទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ និងស្តារនូវទំនុកចិត្ត និងភាពជឿជាក់លើគ្រប់ខ្សែច្រវាក់ផលិតកម្មក្នុងវិស័យទេសចរណ៍ ដើម្បីត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវទេសចរ និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ដូច្នេះ ត្រូវរៀបចំយុទ្ធនាការប្រឡងប្រណាំងរាជធានីខេត្ត ដែលមានស្នាដៃឆ្នើមក្នុង​ការអនុវត្តវិធាន​សុវត្ថិភាពទេសចរណ៍។

    ទី២- គ្រប់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនត្រូវយកចិត្តទុកដាក់​បន្តចូលរួមជំរុញ និងស្តារវិស័យទេសចរណ៍ឡើងវិញ តាមរយៈការជំរុញការអនុវត្តនូវ​ផែនការ​យុទ្ធសាស្ត្រ​នានារបស់ រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ សំដៅប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព ដែលនឹងផ្តល់ផ្លែផ្កាចូលរួម ទ្រទ្រង់ដល់ការងើបឡើងវិញ នៃកំណើនសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ-១៩ រួមមាន៖ “ផែនទីចង្អលផ្លូវ ស្តីពីផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍ ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩, “វិធានការ គោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣” និង“ផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង” ។

    ទី៣- គ្រប់ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ២០២៣ សហភាពសហព័ន្ធយុវជនកម្ពុជា និងផ្នែកឯកជន ត្រូវរួមគ្នាលើកកម្ពស់កិត្តិយស និងមុខមាត់កម្ពុជា តាមរយៈឥទ្ធិពលព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្នុងការដាក់ចេញយុទ្ធនាការ អប់រំសង្គម និងផ្សព្វផ្សាយយុទ្ធនាការ “កម្ពុជាស្អាតៗ ឱ្យបានកាន់តែសកម្ម និងផុសផុល សំដៅសម្រេច បានការអភិវឌ្ឍប្រកបដោយភាពស្អាត និងបៃតងនៅក្នុងទីក្រុង និងកម្ពុជាទាំងមូល ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរ ក្នុងព្រឹត្តិការណ៍នេះ។

    ទី៤- ប្រជាពលរដ្ឋ និងភ្ញៀវទេសចរគ្រប់រូប ត្រូវប្រកាន់ខ្ជាប់នូវការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ពិសេសទម្លាប់នៃការរស់នៅជាមួយ “ភាពស្អាតនិងអនាម័យ” រួមជាមួយការអនុវត្តតាម វិធានសុខាភិបាល និងវិធាននានារបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង