គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    គណៈរដ្ឋមន្រ្តី អនុម័តទាំង​ស្រុងលើសេចក្តីព្រាង​កម្មវិធីវិនិយោគ​សាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២​ |
    គណៈរដ្ឋមន្រ្តី អនុម័តទាំង​ស្រុងលើសេចក្តីព្រាង​កម្មវិធីវិនិយោគ​សាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥ គណៈរដ្ឋមន្រ្តី អនុម័តទាំង​ស្រុងលើសេចក្តីព្រាង​កម្មវិធីវិនិយោគ​សាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥

    នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានសម្រេចអនុម័តទាំងស្រុង លើ “សេចក្តីព្រាង​កម្មវិធី​វិនិយោគ​សាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥”។

    ខ្លឹមសារសង្ខេប នៃ“សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥” បានឲ្យដឹងថា គោលបំណង និងដំណើរការរៀបចំ៖ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥ ត្រូវបានរៀបចំឡើងដោយមានការគិតគូរដល់កត្តាចម្បងនិងស្ថានភាពជាក់ស្ដែងពីរសំខាន់ៗពោលគឺ ទី ១ ការបង្ហាញពីទិន្នន័យនៃគម្រោងវិនិយោគ ដែលមានអាទិភាពខ្ពស់របស់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ដែលជាគោលនយោបាយមានចែងនៅក្នុង យុទ្ធសាស្រ្ដចតុកោណ ដំណាក់កាលទី ៤ និងជាផែនទីចង្អុលផ្លូវសម្រាប់ការអនុវត្តគោលនយោបាយ ដែលមានចែងក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣។

    កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥ ដែលមានតម្លៃសរុបប្រចាំឆ្នាំប្រមាណ ៣ ០៦៧លានដុល្លារអាមេរិក ត្រូវបានរៀបចំឡើងដោយផ្អែកលើតម្រូវការចំណាយសរុប សម្រាប់ការអនុវត្ត ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដើម្បីឲ្យបានស្របតាមស្ថាប័នភាពជាក់ស្ដែង នៃការប្រែប្រួលថ្លៃទំនិញ និងអតិផរណា ហើយក៏ផ្អែកលើបរិមាណហិរញ្ញប្បទានសហប្រតិបត្តិការដែលដៃគូអភិវឌ្ឍធ្លាប់បានសន្យា។

    វិធីសាស្រ្តកែសម្រួលត្រូវបានយកមកអនុវត្តក្នុងការរៀបចំ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥ ដែលក្នុងនោះ “គម្រោងកំពុងដំណើរការ” គឺជាគម្រោងដែលកំពុងត្រូវបានអនុវត្ត ឬមានកិច្ចសហការ និងសម្របសម្រួលជាមួយស្ថាប័ន របស់រាជរដ្ឋាភិបាល ហើយការអនុវត្តគម្រោងទាំងនោះនឹងត្រូវបន្តនៅក្នុងអំឡុងពេលនៃ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥ និង “គម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ ឬគម្រោងថ្មី” ដែលនឹងត្រូវអនុវត្តក្នុងអំឡុងពេលនៃ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥។

    សូមជម្រាបជូនថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ២៨ ខែតុលានេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖

    ១-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
    ២-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
    ៣-សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២៣-២០២៥។
    ៤-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិបញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖
    ៤.១-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មនៃអនុសញ្ញាស្តីពីអាកាសចរស៊ីវិលអន្តរជាតិ ដោយបន្ថែមមាត្រា ៣ស្ទួន។
    ៤.២-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥០(ក)នៃអនុសញ្ញាស្តីពីអាកាសចរស៊ីវិលអន្តរជាតិ។
    ៤.៣-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥៦នៃអនុសញ្ញាស្តីពីអាកាសចរស៊ីវិលអន្តរជាតិ៕

     

    អត្ថបទទាក់ទង