គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លិខិតមិត្តអ្នកអាន៖ «លោក ហ៊ុន សែន ចុចគន្លឹះបើកផ្លូវឆ្ពោះ ទៅរកដំណោះ ស្រាយបញ្ហាមីយ៉ាន់ម៉ា»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៨ ខែមករា ឆ្នាំ២០២២​ |
    លិខិតមិត្តអ្នកអាន៖ «លោក ហ៊ុន សែន ចុចគន្លឹះបើកផ្លូវឆ្ពោះ ទៅរកដំណោះ ស្រាយបញ្ហាមីយ៉ាន់ម៉ា» លិខិតមិត្តអ្នកអាន៖ «លោក ហ៊ុន សែន ចុចគន្លឹះបើកផ្លូវឆ្ពោះ ទៅរកដំណោះ ស្រាយបញ្ហាមីយ៉ាន់ម៉ា»

    ដំណើរទស្សនកិច្ចរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមប្រមុខដឹកនាំកម្ពុជានិងជាប្រធានប្តូរវេនអាស៊ានផង ទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺជាគន្លឹះដ៏សំខាន់មួយក្នុងការត្រួសត្រាយផ្លូវទៅរកដំណោះស្រាយបញ្ហាវិបត្តក្នុងប្រទេសនេះ។

    យោងសេចក្តីប្រកាស រួមដែលបានចេញ ផ្សាយកាលពីយប់ ថ្ងៃទី៧ មករា ឆ្នាំ២០២២ «លោក មីន អោង ឡាំង បានប្រកាស បទឈប់បាញ់គ្នាជា មួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ក្នុងរយៈ ពេល៥ខែ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២២ និងបានសម្រេចពន្យារបទឈប់បាញ់គ្នាបន្ថែមទៀតរហូត ដល់ចុងឆ្នាំ ២០២២។ ទន្ទឹមនឹងនេះ មេដឹកនាំយោធាជាន់ខ្ពស់មីយ៉ាន់ម៉ារូបនេះ ក៏ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យទទួលអនុវត្តបទឈប់បាញ់គ្នាដើម្បីជាផលប្រយោជន៍ប្រទេសជាតិនិង ប្រជាជន បញ្ឈប់រាល់អំពើហិង្សា និងប្រកាន់នូវភាពអត់ធ្មត់ខ្ពស់បំផុត។ ហើយលោក មីន អោងឡាំង ក៏បានធានាថា នឹងសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេស ប្រធានអាស៊ានឆ្នាំ ២០២២ ក្នុងពេលបំពេញភារកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីឱ្យបានជួបជា មួយនឹងភាគីពាក់ព័ន្ធទាំងអស់»។ នេះគឺជាខ្លឹមសារដ៏សំខាន់បំផុតខ្លះៗដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចរបស់លោកហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងរយះពេល២ថ្ងៃនេះ។

    ហេតុអ្វីបានជាចំណុចនេះវាមានសារៈសំខាន់? ពីព្រោះបទឈប់បាញ់ និងការ បញ្ឈប់អំពើហិង្សារួចហើយការសម្រប សម្រួលឲ្យមានកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធគឺជាចំណុចស្នូលដើម្បីឈានទៅរកដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។ បើគ្មានបទឈប់បាញ់ បើមិនបញ្ឈប់អំពើហិង្សា និងគ្មានការសម្របសម្រួលឲ្យមានកិច្ចសន្ទនាគ្នាទេ បញ្ហាទាំងឡាយពិតជានឹងមិនអាចដោះស្រាយបាននោះឡើយ។ មកដល់ចំណុចនេះ គេប្រាកដជានៅចងចាំបានអំពីដំណោះស្រាយស្វែងរកសន្តិភាពនិងការបញ្ចប់សង្គ្រាមនៅកម្ពុជាកាលពីជាង ៣០ ឆ្នាំកន្លងទៅ។ កាលណោះ ចំណុចចាប់ផ្តើមក៏បានចេញដំណើរពីបទឈប់បាញ់គ្នា និងការ បើកផ្លូវឲ្យមានកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធនេះដែរ។

    តាំងពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ រហូតដល់ការសម្រេច នយោបាយឈ្នះឈ្នះផ្តួចផ្តើមនិងដឹកនាំការអនុវត្តដោយផ្ទាល់របស់លោកហ៊ុន សែន គឺសុទ្ធសឹងតែបានផ្តើមចេញ«ពីការឈប់បាញ់ ការបញ្ឈប់អំពើ ហិង្សា និងការបើកផ្លូវឲ្យមានកិច្ចសន្ទាទាំងអស់»។ ដូច្នេះ ប្រាកដណាស់ថា បទពិសោធន៍នេះពិតជាមានសារសំខាន់ ខ្លាំងណាស់សម្រាប់រកដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ា។

    ជាក់ស្តែង ក្នុងសេចក្តី ប្រកាសរួម ក៏មានចែងដែរថាលោក ហ៊ុន សែន បានចែករំលែកអំពីភាពជោគជ័យនៃគោលនយោបាយឈ្នះ-ឈ្នះ របស់កម្ពុជា ដែលសម្រេចបាននូវការផ្សះផ្សាជាតិ សន្តិភាពយូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព។

    ដូច្នេះ លទ្ធផលដែលសម្រេចបាននៅក្នុងដំណើរទស្សនកិច្ចដំបូងនិងរយៈពេលខ្លីរបស់លោក ហ៊ុន សែន នៅមីយ៉ាន់ម៉ា «ពិតជាកូនសោរមាសដែលបានចុចចំគន្លឹះបើកផ្លូវឆ្ពោះទៅរកដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ាយ៉ាងពិតប្រាកដ»។ អំណឹះតទៅ បេសកជនពិសេសអាស៊ាន គឺលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងបន្ត ជាអ្នកដើរតួនាទីក្នុងការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធនានានៅក្នុងជម្លោះមីយ៉ាន់ម៉ាដើម្បីឈានទៅរកដំណោះស្រាយយូរអង្វែងមួយនៅក្នុងប្រទេសនេះ។

    ជាការពិត បញ្ហាមីយ៉ាន់ម៉ាគឺជារឿងដ៏ ស្មុគស្មាញមិនងាយដោះស្រាយនោះឡើយ។ កាលពីឆ្នាំ ២០២១ ពេញមួយអាណត្តិ ដែលប្រទេសព្រុយណេធ្វើប្រធានអាស៊ាន ក៏មិនអាចដោះស្រាយបានដែរ។ ផ្ទុយទៅវិញ អាស៊ានបានទុកមីយ៉ាន់ម៉ាឲ្យនៅម្នាក់ឯង ហើយបានដំណើរការប្រជុំកំពូលតែ ៩ប្រទេសដែលជារូបភាពមួយបង្ហាញអំពីការបែកបាក់ក្នុងសមាគ អាស៊ាននិងខុសពីគោលការណ៍កុងសង់ស៊ុសរបស់អាស៊ានថែមទៀត។ ក្នុងន័យនេះ កម្ពុជាដែលទទួលធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២ មានបេសកកម្មសំខាន់ណាស់ក្នុងការ ដោះស្រាយបញ្ហាមីយ៉ាន់ម៉ាដើម្បីយកមីយ៉ាន់ម៉ាចូលក្នុងកិច្ចប្រជុំនានារបស់អាស៊ានវិញ។ តាមពិតលោក ហ៊ុន សែន បានចូលរួមចំណែកយ៉ាងសំខាន់រួចហើយក្នុងការរកដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ាតាំងពីប្រទេសព្រុយណេធ្វើ ជាប្រធានអាស៊ានម៉្លេះ។ ជាក់ស្តែងក្នុងចំណោមកុងសង់ស៊ុស ៥ចំណុច របស់អាស៊ាន យ៉ាង ហោចណាស់មាន៣ ចំណុចដែលជាគំនិតផ្តួចផ្តើមរបស់ប្រមុខដឹកនាំកម្ពុជា។ ដោយឡែក លទ្ធផល ដែលកើតចេញពី ដំណើរទស្សនកិច្ចរបស់លោកហ៊ុន សែន នាពេលនេះ ក៍បានឆ្លុះបញ្ចាំងស្ទើរតែគ្រប់ចំណុចអស់ទៅ ហើយ។

    កិច្ចខិតខំប្រឹងប្រែង របស់កម្ពុជានិយាយជារួម និងកិច្ចខិតខំប្រឹងប្រែងរបស់លោក ហ៊ុន សែន និយាយ ដោយឡែក គឺដើម្បីតែភាពសុខដុមរមនារបស់អាស៊ានផង ក៏ដូចជាដើម្បីភាពសុខដុមរមនារបស់មីយ៉ានម៉ាផងដែរ។

    ដូច្នេះ កិច្ចខិតខំប្រឹងប្រែងនេះ ពិតជានឹងទទួលបាននូវការលើកទឹកចិត្តយ៉ាងខ្លាំងពីសំណាក់អ្នក ស្រឡាញ់សន្តិភាព ស្រឡាញ់អាស៊ាន និងស្រឡាញ់សេចក្តីសុខសាន្តរបស់ប្រជាជនមីយ៉ាន់ម៉ា។ ផ្ទុយទៅវិញ មានមនុស្សមួយចំនួនដែលទំនងជាចង់ឃើញអាស៊ានបែកបាក់ និងចង់ឃើញមីយ៉ាន់ម៉ាបន្តបង្ហូរឈាម បែរជា បន្ទុចបង្អាក់ និងវាយប្រហារទៅលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាទៅវិញ។

    យ៉ាងណាក៏ដោយ លទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន នៅមីយ៉ាន់ម៉ាពិតជាបានត្រួសត្រាយផ្លូវទៅកាន់ដំណោះស្រាយហើយ។ មេដឹកនាំកម្ពុជា ដែល មានបទពិសោធន៍ជោជាំក្នុងការចរចារ ស្វែងរកដំណោះ ស្រាយបញ្ហានយោបាយ និងបញ្ចប់សង្គ្រាមស៊ីវិល ហើយនាំមកនូវសន្តិភាពនិងការអភិវឌ្ឍន៍ យូរ អង្វែង ពិតជាអាចចែករម្លែកនូវបទពិសោធន៍ ដល់បណ្តាប្រទេសជាមិត្តដើម្បីរកដំណោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនបាន។ មិនមែនតែប្រទេសមីយ៉ាន់ម៉ាមួយទេ កន្លងទៅ លោក ហ៊ុន សែន ក៍ធ្លាប់បានចែករម្លែកបទពិសោធន៍ ដល់បណ្តាប្រទេស ជាច្រើនមកហើយរាប់ទាំងប្រទេសក្នុងអាស៊ានក្រៅពី មីយ៉ាន់ម៉ាផងដែរ។ ហើយនេះទំនងជាហតុផលដែល លោក ហ៊ុន សែន សម្រេចចិត្តធ្វើដំណើរទៅមីយ៉ាន់ម៉ាដោយ ខ្លួនឯង។ លទ្ធផលដែលសម្រេច បានពីទស្សនកិច្ចនេះទៀតសោត ក៏ស្ថិតក្នុងចំណុចទាំង៥ដែលជា កុងសង់ស៊ុសរបស់អាស៊ានដែរ។ ដូច្នេះ យើងអាចនិយាយបានថា ទស្សនកិច្ចរបស់លោក ហ៊ុន សែន នៅ មីយ៉ាន់ម៉ា ពិតជាមានសារសំខាន់ណាស់សម្រាប់បរិបទតំបន់និងពិភពលោកទាំងមូលពីព្រោះបច្ចុប្បន្ននេះបញ្ហា មីយ៉ាន់ម៉ាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពាស ពេញពិភពលោក។ ឥឡូវនេះ គន្លឹះទ្វារដែលជាច្រកសម្រាប់ឈានទៅរកដំណោះស្រាយត្រូវបានលោក ហ៊ុន សែន ចុចបើក ហើយ។ នៅឡើយតែ ភាគីពាក់ព័ន្ធទាំងភាគីខាងក្រៅ និងភាគីជម្លោះក្នុងប្រទេសមីយ៉ាន់ម៉ាខ្លួនឯងដែលត្រូវបង្ហាញអំពីឆន្ទៈក្នុងការស្វែងរកដំណោះស្រាយ។ ចំណែកកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ បានបង្ហាញ រួចហើយដែរអំពីការ ប្តេជ្ញាចិត្តរបស់ខ្លួន ក៏ដូចជាបានបង្ហាញអំពីសកម្មភាពជាក់ស្តែងក្នុងកិច្ចខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។

    ពេលវេលាតទៅមុខ ទៀតនឹងបញ្ជាក់ប្រាប់អ្នករិះគន់ អ្នកបន្តុចបង្អាក់និងអ្នកប្រឆាំងទាំងនៅក្នុងនិងក្រៅប្រទេសមីយ៉ានម៉ាថា «តើលទ្ធផលដែល លោក ហ៊ុន សែនបាន សំរេចចិត្តទៅមីយ៉ានម៉ា និងចុចគន្លឹះបើកទ្វារដើម្បីឈានទៅរកដំណោះស្រាយវិបត្តដ៏រាំរៃនៅមីយ៉ាន់ម៉ាពេលនេះ ជាពរជ័យ រឺ ជាបណ្តាស់សារ» ៕ ដោយ:អ្នកនយោបាយតុកាហ្វេ

    អត្ថបទទាក់ទង