គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេច​តេជោ ​ហ៊ុន ​សែន ​អនុញ្ញាត​ឲ្យ​ឯក​អគ្គ​រដ្ឋ​ទូត​សិង្ហបុរី​ប្រចាំ​កម្ពុជា​ចប់​អាណត្តិ​ ចូលជួប​ពិភាក្សាការងារ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    សម្ដេច​តេជោ ​ហ៊ុន ​សែន ​អនុញ្ញាត​ឲ្យ​ឯក​អគ្គ​រដ្ឋ​ទូត​សិង្ហបុរី​ប្រចាំ​កម្ពុជា​ចប់​អាណត្តិ​ ចូលជួប​ពិភាក្សាការងារ​ សម្ដេច​តេជោ ​ហ៊ុន ​សែន ​អនុញ្ញាត​ឲ្យ​ឯក​អគ្គ​រដ្ឋ​ទូត​សិង្ហបុរី​ប្រចាំ​កម្ពុជា​ចប់​អាណត្តិ​ ចូលជួប​ពិភាក្សាការងារ​

    ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​នេះ ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ​បាន​អនុញ្ញាតឲ្យ​ឯក​ឧត្តម ម៉ៃឃែល តាន់ (Michael Tan) ឯកអគ្គ​រដ្ឋ​ទូត​សិង្ហបុរី​ ប្រចាំ​កម្ពុជា​ ដែល​បាន​បញ្ចប់​អាណត្តិ​បេសកកម្ម​កាទូតនៅ​ប្រទេស​កម្ពុជា​​ចូលជួប​ពិភាក្សាការ​ងារ​​ នៅវិមានសន្តិភាព។

    នៅ​ក្នុង​ជំនួប​នោះ ​ ឯកឧត្តម ម៉ៃឃែល តាន់ (Michael Tan) បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្នុងរយៈពេល៤ ឆ្នាំកន្លះ ក្នុងការបំពេញបេសកកម្មនៅកម្ពុជាឯកឧត្តមពិតជាមានមោទនភាពណាស់ដែលបានធ្វើការយ៉ាងជិតស្និតជាមួយនឹងប្រជាពលរដ្ឋកម្ពុជា ជាមួយមិត្តភក្តិ មន្ត្រីរាជការ ថ្នាក់ដឹកនាំ ជាពិសេសបានទទួលការគាំទ្រ ក៏ដូចជាសហការយ៉ាងល្អអំពីរាជរដ្ឋាភិបាលកម្ពុជា ដែលនាំឱ្យបេសកកម្មការទូតរបស់ឯកឧត្ដមនៅកម្ពុជាទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់ នោះគឺនាំមកនូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាការវិនិយោគលើវិស័យទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្សមានការកើនឡើងខ្ពស់មួយកម្រិតថែមទៀត។

    ឯកឧត្តមក៏បានមានប្រសាសន៍បន្តទៀតថា ក្នុងដំណាក់កាលការទូតរបស់ឯកឧត្តមនៅក្នុងប្រទេសកម្ពុជា ឯកឧត្តមក៏បានជួបនូវបញ្ហាជំងឺកូវីដ-១៩ ដែលពិភពលោកទាំងមូលកំពុងជួបប្រទះក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ តែ​កម្ពុជា​គឺ​ជាប្រ​ទេស​ដែល​មានសុវត្ថិភាព​បំផុត​សម្រាប់​ការ​រស់​នៅ ​ដែល​បាន​រួចផុតពីការឆ្លងនៃជំងឺកូវីដ-១៩នេះ។ ឯកឧត្តមពិតជាមានមោទនភាពដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានអនុញ្ញាតឲ្យឯកឧត្តមរៀបចំកម្មវិធីដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី ដោយយល់ឃើញថាកម្ពុជាគឺជាប្រទេសដែលមានសុវត្ថិភាពមិនមានការរីករាលដាលជំងឺកូវីដ-១៩ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការរៀបចំនោះប្រព្រឹត្តទៅបានជោគជ័យ ដោយអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល។

    ឯកឧត្តមបន្ថែមទៀតថា ឯកឧត្តមពិតជាមានជំនឿជឿជាក់ថា កម្ពុជា និងសិង្ហបុរី នឹងអាចមានទំនាក់ទំនងកាន់តែល្អប្រសើរឡើងថែមទៀតក្នុងការលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អ ហើយទាំងអស់នេះ អាចធ្វើទៅបានដោយមានការគាំទ្រ ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ស្ថាប័ន និងស្ថាប័ន ជាពិសេសរវាងមន្ត្រីរាជការនិងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

    ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះឯកឧត្តម ម៉ៃឃែល តាន់ (Michael Tan) និងរដ្ឋាភិបាលសិង្ហបុរី ដែលបានជួយគាំទ្រដល់ប្រទេសកម្ពុជារយៈពេលកន្លងមក។ សម្ដេចតេជោ ក៏បានយល់ស្របផងដែរចំពោះការលើកឡើងរបស់សិង្ហបុរីអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។

    ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះឯកឧត្ត ម៉ៃឃែល តាន់ (Michael Tan) ដែលបានប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការពង្រីកពង្រឹង លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងបេសកកម្មកាទូតរបស់ឯកឧត្តមកន្លងមកនេះ។ ពាក់ព័ន្ធទៅនឹងបញ្ហាជំងឺកូវីដ-១៩ សម្ដេចតេជោបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានមានយុទ្ធសាស្ត្រប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈសមរភូមិ៣ ដែលសមរភូមិ ទី១ គឺធ្វើយ៉ាងណាប្រយុទ្ធទប់ស្កាត់កុំឲ្យនាំចូលជំងឺនេះមកពីប្រទេសខាងក្រៅ សមរភូមិទី២ គឺធ្វើយ៉ាងណាគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ទៅកាន់សហគមន៍  និងសមរភូមិទី៣ គឺធ្វើយ៉ាងណាព្យាបាលអ្នកជំងឺដែលបានឆ្លងជំងឺកូវីដ-១៩នេះ ឱ្យជាសះស្បើយ៕

    អត្ថបទទាក់ទង