រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រុង៣ និងស្រុក២ បន្ថែមទៀត ស្ថិតនៅខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុងចំនួនបី និងស្រុកចំនួនពីរបន្ថែមទៀតដែលស្ថិតនៅទឹកដីខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ ខណៈស្រុកឧដុង្គ នៅខេត្តកំពង់ស្ពឺត្រូវបានបំបែកជាពីរ ដោយបង្កើតជាក្រុងមួយ និងស្រុកមួយ។ នេះបើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលបានចេញដាច់ដោយឡែកពីគ្នានាយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។
យោងតាមអនុក្រឹត្យដែលបានចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ បានឲ្យដឹងថា រាជរដ្ឋាភិបាលសម្រេចបង្កើតក្រុងចំនួនពីរបន្ថែមទៀតនៅខេត្តកណ្តាល គឺ១. ក្រុងអរិយក្សត្រដោយកាត់យកឃុំចំនួន៦ ពីស្រុកខ្សាច់កណ្តាល និងឃុំចំនួន៥ ពីស្រុកល្វាឯម។ ២. សម្រេចបង្កើតក្រុងសំពៅពូននៃខេត្តកណ្តាលដោយកាត់យកឃុំចំនួន៥ ពីស្រុកកោះធំ។ បើគិតត្រឹមថ្ងៃចុះអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ខេត្តកណ្តាលគឺមានស្រុកចំនួន១១ និងក្រុងចំនួន៣។
តាមអនុក្រឹត្យដែលបានចុះថ្ងៃជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានសម្រេចបំបែកស្រុកឧដុង្គ នៃខេត្តកំពង់ស្ពឺជា២ ដោយនឹងត្រូវបង្កើតទៅជាក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺវិញ។ ក្រុងឧដុង្គម៉ែជ័យនឹងកាត់យកឃុំចំនួន៥ ខណៈស្រុកសាមគ្គីមុនីជ័យនឹងត្រូវយកឃុំចំនួន១០ នៃស្រុកឧដុង្គ។ ខេត្តកំពង់ស្ពឺមានស្រុកកើនដល់ចំនួន៧ និងក្រុងកើនឡើងដល់ចំនួន២។ នេះបើគិតត្រឹមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល។ ដោយឡែកនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នេះដែរ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ ដោយកាត់យកឃុំចំនួន៥ ពីស្រុកបូរ។ ខេត្តក្រចេះនឹងត្រូវមានស្រុកចំនួន៦ និងក្រុងចំនួន១៕