សម្តេចតេជោ ហ៊ុន សែន ផ្ញើសារសូមការយោគយល់ពីពលរដ្ឋខ្មែរនៅទីក្រុងញូយ៉ក ដោយមិនអាចរៀបចំការជួបជុំ ដោយសារមានកម្មវិធីច្រើន
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការនៅថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅថ្ងៃទី២១ ខែកញ្ញាស្អែកនេះ សម្តេចនឹងដឹកនាំគណៈប្រតិភូទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នាទីក្រុងញូយ៉កសហរដ្ឋអាមេរិក។
សម្ដេចតេជោបន្តថា សម្តេចនឹងបន្តដំណើរទៅទស្សនកិច្ចផ្លូវការនៅគុយបាព្រមទាំងបន្តដំណើរមកទីក្រុងតូត្យូប្រទេសជប៉ុន ដើម្បីចូលរួមបុណ្យសព ឯកឧត្តមស៊ីនហ្សូ អាបេអតីតនាយករដ្ឋមន្ត្រីជប៉ុន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ខ្ញុំសូមផ្ញើការនឹករលឹកដល់បងប្អូនដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា និងសូមការអាធ្យាស្រ័យដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូនបាន អាស្រ័យដោយការស្នាក់នៅទីក្រុងញូយ៉ក មានរយៈពេលខ្លី និងមានកម្មវិធីច្រើន។ ម្យ៉ាងទៀតយើងក៏ទើបជួបគ្នាកាលពី ខែឧសភា២០២២កន្លងទៅនៅទីក្រុងវ៉ាស៊ីនតុនហើយដែរ។ សង្ឃឹមថាបងប្អូននឹងមានការយោគយល់។ សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខសេចក្តីចម្រើន និង សប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ”៕