សម្ដេចតេជោ ហ៊ុន សែន ៖ « ថ្ងៃនេះកូនប្រុសខ្ញុំបានទទួលវ៉ាក់សាំងមុនគេជំនួសឲ្យឪពុក បញ្ជាក់ពីការទទួលខុសត្រូវចំពោះមុខជនរួមជាតិ»
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ទីបំផុត ប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការជាផ្លូវការនូវការចាក់វ៉ាក់សាំងជូនប្រជាជន ហើយកូនប្រុសច្បងរបស់សម្ដេចគឺអ្នកទទួលវ៉ាក់សាំងមុនគេជំនួសឪពុក ដែលនេះបញ្ជាក់ច្បាប់ពីការទទួលខុសត្រូវចំពោះមុខជនរួមជាតិយើង។
សម្ដេចតេជោ បានលើកឡើងយ៉ាងដូច្នេះថា «នេះជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិន ដែលជាមិត្តដែកថែបដែលខ្ញុំសុំយកឱកាសនេះថ្លែងអំណរគុណចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនចិន ពិសេស ឯកឧត្តមប្រធានាធិបតី ស៊ី ជិនភីង ដែលបានផ្តល់ជំនួយដ៏សប្បុរសដល់ប្រជាជនកម្ពុជា។ មុនចាក់វ៉ាក់សាំង មានការលើកឡើងមួយចំនួនជុំវិញអវត្តមានរបស់ខ្ញុំលើការចាក់វ៉ាក់សាំងនាថ្ងៃនេះ បណ្តាលមកពីកត្តាអាយុរបស់ខ្ញុំរហូតប្រើពាក្យមិនសមរម្យខ្លះមកលើខ្ញុំ។ ច្បាស់ណាស់ថ្ងៃនេះកូនប្រុសរបស់ខ្ញុំបានទទួលវ៉ាក់សាំងមុនគេជំនួសអោយឪពុក ដែលនេះក៏បញ្ជាក់ច្បាស់ពីការទទួលខុសត្រូវរបស់យើងចំពោះមុខជនរួមជាតិយើង។»
ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើចំពោះបងប្អូនជនរួមជាតិយើងទាំងក្នុង និងនៅក្រៅប្រទេស សូមបងប្អូនកុំបារម្ភលើវ៉ាក់សាំងមកពីប្រទេសណា? ម៉ាកអ្វី? តែគប្បីបារម្ភពីការអត់វ៉ាក់សាំងចាក់ ព្រោះគ្មានវ៉ាក់សាំងលក់តាមផ្សារដូចលក់ត្រី លក់ត្រកួននោះទេ។
សម្ដេចតេជោ បន្ថែមថា បងប្អូនខ្មែរយើងដែលរស់នៅប្រទេសជឿនលឿនមួយចំនួនធំ ឬអាចដល់៩៨ភាគរយមិនទាន់បានទទួលការចាក់វ៉ាក់សាំងនៅឡើយ ព្រោះវាអត់មានវ៉ាក់សាំង បើទោះបីប្រទេសនោះមានលុយហើយក៏រកទិញវ៉ាក់សាំងមិនបានដោយសារការផលិតមិនទាន់៕