លទ្ធផលផ្លូវការ៖ CPP ទទួលបានអាសនៈច្រើនជាងគេក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសអំពីលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ដោយក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈច្រើន ជាងគេ គឺរហូតដល់ ៩ ៣៧៦អាសនៈ ស្មើនឹង ៧៤,៣២% គ្រប់គ្រង ១៦៤៨ឃុំ/សង្កាត់។
គ.ជ.ប បានបង្ហាញបញ្ជីបេក្ខជននៃគណបក្សនយោបាយចំនួន ៩ ក្នុងចំណោមគណបក្សនយោបាយចំនួន ១៧ ដែលបានចូលរួមប្រកួតប្រជែង បានទទួលអាសនៈក្រុមប្រឹក្សា សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងនោះមាន៖
– បញ្ជីបេក្ខជននៃគណបក្សប្រជាជនកម្ពុជា ទទួលបាន ៩.៣៧៦ អាសនៈ ។
– បញ្ជីបេក្ខជននៃគណបក្ស ភ្លើងទៀន ទទួលបាន ២.១៩៨ អាសនៈ ។
– បញ្ជីបេក្ខជននៃគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ១៩ អាសនៈ ។
– បញ្ជីបេក្ខជននៃគណបក្សខ្មែររួបរួមជាតិ ទទួលបាន ១៣ អាសនៈ ។
– បញ្ជីបេក្ខជននៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន ៦ អាសនៈ ។
– បញ្ជីបេក្ខជននៃគណបក្សខ្មែរស្រឡាញ់ជាតិ ទទួលបាន ៥ អាសនៈ ។
– បញ្ជីបេក្ខជននៃគណបក្សយុវជនកម្ពុជា ទទួលបាន ៣ អាសនៈ ។
– បញ្ជីបេក្ខជននៃគណបក្សកម្ពុជានិយម ទទួលបាន ១ អាសនៈ ។
– បញ្ជីបេក្ខជននៃគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបាន ១អាសនៈ។
សូមជម្រាបជូនថា ប្រជាពលរដ្ឋចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ សរុបចំនួន ៧ ៣៩៤ ៤២៧ នាក់ ស្មើនឹង ៨០,៣២% ។ សន្លឹកឆ្នោតបានការ សរុបចំនួន ៧ ២៣៧ ០៣៧ សន្លឹក និងសន្លឹកឆ្នោតមិនបានការសរុបចំនួន ១៥៧ ៣៩០សន្លឹក៕