រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យអនុញ្ញាតឲ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ ក្នុងទូទាំងប្រទេស នូវធនប័ត្រអនុស្សាវរីយ៍ប្រភេទ ៣០០០០ រៀល
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ ២០០អនក្រ.បក អនុញ្ញាតដាក់ឲ្យចរាចរ និងប្រើប្រាស់នៅទូទាំងប្រទេស នូវប្រភេទក្រដាសប្រាក់ ៣០០០០រៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ។
ដើម្បីអបអរសាទរ ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១- ២៣ តុលា ២០២១) និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ មកកាន់មាតុភូមិវិញ (១៤ វិច្ឆិកា ១៩៩១ – ១៤ វិច្ឆិកា ២០២១) រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ ៣០០០០ រៀល គំរូថ្មី ដើម្បីដាក់ឱ្យធ្វើចរាចរ និងប្រើប្រាស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនឹងបណ្តាប្រភេទក្រដាសប្រាក់ ដែលបានចេញផ្សាយរួចហើយ។