គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ផ្ដើមនៅថ្ងៃនេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២​ |
    មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ផ្ដើមនៅថ្ងៃនេះ មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ផ្ដើមនៅថ្ងៃនេះ

    ភ្នំពេញ៖ មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ផ្ដើមនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ហើយ ។ ពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាន នឹងចាប់​ផ្តើម​ដោយ​ព្រះរាជ​សុន្ទរកថា​ស្វាគមន៍​របស់​ព្រះ​ករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។

    ក្នុងពិធីបើកមហាសន្និបាតនេះ ក៏មានការអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ ដោយ​សម្តេច​វិបុល​សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងថ្លែងសុន្ទរកថាគន្លឹះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន។ បន្ទាប់មកសម្តេចពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​បើក​មហាសន្និបាត។

    ក្នុងពិធីបើកមហាសន្និបាតនេះ ក៏មានការអញ្ចើញចូលរួមពីឥស្សរជនជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា គណៈប្រតិភូប្រទេសសមាជិកអន្តរសភាអាស៊ាន ព្រមទាំងវត្តមាន នៃ​គណៈប្រ​តិភូ​បណ្តា​ប្រទេស​ជា​អ្នក​សង្កេតការណ៍ ភ្ញៀវម្ចាស់ផ្ទះ និងអង្គការដៃគូជាច្រើនទៀត។ មហាសន្និបាតអន្តរសភាអាស៊ានដែលរៀបចំដោយសភាកម្ពុជា ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ ២៥ ខែវិច្ឆិកា ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន»។ នៅក្នុងកំឡុងពេលនៃការប្រារព្ធមហាសន្និបាតនេះ នឹង​មាន​កិច្ច​ប្រជុំ​តាម​គណៈកម្មាធិការជំនាញAIPAជាច្រើន ដែលសម្តេចប្រធានរដ្ឋសភា និង​សមាជិក​គណៈប្រតិភូចូលរួមប្រជុំ។ កិច្ចប្រជុំនោះមានដូចជា៖ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ កិច្ច​ប្រជុំ​ពេញ​អង្គ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច និង​កិច្ច​ប្រជុំ​គណៈកម្មាធិការរៀបចំជាដើម។

    សូមបញ្ជាក់ថា អន្តរសភាអាស៊ាន ហៅកាត់ថាអាយប៉ា (AIPA) ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យពលរដ្ឋប្រមាណជិត ៧០០លាននាក់ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ដើម្បីប្រមូលផ្តុំនូវមតិ យោបល់ ទស្សនៈរបស់តំណាងពលរដ្ឋ ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងគោលបំណងដោះស្រាយបញ្ហារួមរបស់ពិភពលោកដែលប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ និងដើម្បីជំរុញឱ្យមានសន្តិសុខ ស្ថិរភាព និងវិបុលភាព។ អាយប៉ាមានសមាជិកចំនួន ១០ប្រទេស រួមមាន៖ ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម។

    មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដែលសភានៃព្រះរាជាណាចក កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះលើកនេះ ជាការជួបជុំគ្នាដោយផ្ទាល់លើកដំបូងរបស់ AIPA ក្រោយពីការរាតត្បាតនៃជំងឺកូរីដ១៩ ជាសកល តាំងពីឆ្នាំ២០១៩ មកនោះ។ មហាសន្និបាតAIPA លើកទី៤១ ក្នុងឆ្នាំ២០២០ ដែលសភាប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ និងមហាសន្និបាតអោយប៉ាលើកទី៤២ ក្នុងឆ្នាំ២០២១ ដែលសភាប្រទេសព្រុយណេដារូស្សាឡាម ធ្វើជាម្ចាស់ផ្ទះ គឺបានរៀបចំឡើងតាមរយៈប្រព័ន្ធប្រព័ន្ធវីដេអូ។

    មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ជាព្រឹត្តិការណ៍សំខាន់មួយ ដែលសភាកម្ពុជា និងគណៈប្រតិភូសភាសមាជិកទាំងអស់បានជួបជុំ ធ្វើការចែករំលែកបទពិសោធន៍ ទស្សនៈវិស័យរៀងៗខ្លួន នៅក្នុងគ្រួសារអាយប៉ា ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជាតិទូទាំងសកលលោក៕

     

    អត្ថបទទាក់ទង